(ភ្នំពេញ)៖ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈការបង្ហោះ Facebook ដោយផ្ដល់សេវាកម្មទទួលស៊ីឈ្នួលសម្លាប់មនុស្ស។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វុធ សុម៉ាណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ។ ការឃាត់ខ្លួនជននេះ បានធ្វើឡើងបន្ទាប់ពីរូបគេ បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ម៉ាណា ប្រទេពស៊ីន បានដាក់ Intro ថា «មានទទួលកុម្មង់សម្លាប់មនុស្ស the wing of a devil» និងបានបង្ហោះខ្លឹមសារថា «បាញ់លេងសោះងាប់មែនទែន» និងបង្ហោះលក់ប៊ិចកាំភ្លើង។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាល និង នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ។
ក្រោយពីសាកសួរ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនសំណុំកសាងនីតិវិធី និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំបណ្តោះអាសន្ន៕