Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពយន្ត​បែប​កំប្លែង រឿង «Hello Phnom Penh» របស់​ផលិត​កម្ម LD Picture ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ (Video Trialler)

31-05-2016 14:33

(ភ្នំពេញ)៖ រឿង «Hello Phnom Penh» ជាខ្សែភាពយន្តកំប្លែងថ្មី របស់ផលិតកម្ម LD Picture បានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នេះ​​នៅរោងភាពយន្ត ទំនើប Legend ផ្សារស្ទឹងមានជ័យ ក្រោមវត្តមានសិល្បករសិល្បការិនី ជាច្រើនរូបចូលរួម។

លោក លៀក លីណា តំណាងផលិតកម្ម LD Picture បានថ្លែងប្រាប់ថា ​រឿង «Hello Phnom Penh » បង្ហាញពីភាពភ្លើតភ្លើន របស់តួអង្គ៣រូបរួមមាន លោកលឹម ជាឡាយ លោកប៊ីអាយជី និងនាយគ្រឿន បានលួចមកលេងភ្នំពេញ ហើយឈ្លក់វង្វែងនឹងបរិយាកាស នៅក្នុងទីក្រុង ហើយក៏បង្កើតឲ្យមានឈុតឆាក អស់សំណើច និងសាច់រឿងជាមួយតួអង្គស្រី ដែលជានារីបម្រើការនៅក្នុងហាង KTV និងកន្លែងផឹកស៊ី។ លោករំពឹងទុក​ថា ខ្សែភាពយន្តនេះ នឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន មិនខុសពីស្នាដៃផលិតរឿងមុនៗ របស់ផលិតកម្ម LD Picture នោះទេ។

តួឯកស្រីក្នុងរឿងនេះ កញ្ញា គៀត​ សុវណ្ណាឡាង បានបញ្ជាក់ថា ​សម្រាបខ្សែភាព​យន្តនេះ គឺនាងពិតជាពេញចិត្ត នឹងឈុតឆាកជាច្រើន ដែលសម្តែងរូមជាមួយនឹងសិល្បករដទៃ ពិសេសតួឯកប្រុស លោក លឹម ជាឡាយ ដែលធ្លាប់សម្តែងរួមគ្នា ក្នុងរឿង «ម៉ែដោះក្រមុំ»។ ​មានឈុតឆាកកំប្លែងច្រើន ដែលអាចធ្វើឲ្យ​អ្នកទស្សនាសើច ខណៈដែលតួសម្តែង​​មួយចំនួន​ធំ សុទ្ធតែជាតារាសម្តែងល្បីឈ្មោះ និងពូកែកំប្លែង ហើយនាងពិតជាសប្បាយរីករាយ ក្នុងការចូលរួមសម្តែង ជាមួយពួកគាត់។ ​

កញ្ញា គៀត សុវណ្ណឡាង បានពោលថា សាច់រឿងនេះ មានភាពកំប្លុកកំប្លែង ដោយតួប្រុស គឺជាកំលោះស្រុកខ្មែរ មិនស្គាល់ទីក្រុងភ្នំពេញ ហើយសាច់រឿងនេះ តម្រូវឲ្យនាង សម្តែងជាតួស្រីចរិកក្រមិចក្រមើម ហើយចរិកនេះ គឺនាងចូលចិត្តសម្តែង ព្រោះថាត្រូវ និងចរិកខាងក្រៅ។

តួឯកប្រុស ក្នុងរឿងនេះគឺ លោក លឹម ជាឡាយ ក៏បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា នេះជាលើកទី២ ហើយដែលលោកបានចាប់ដៃគូជាមួយ កញ្ញា គៀត សុវណ្ណឡាង លោកមិនហ៊ាននិយាយថា សាច់រឿងនេះទទួលបានការគាំទ្រកម្រិតណាទេ មានតែទស្សនិកជនទេ ជាអ្នកជួយដាក់ពិន្ទុ។

​លោក លឹម ជាឡាយ បន្តទៀតថា ​ទោះបីជាមានឈុតឆាកជាច្រើន តម្រូវឲ្យលោកសម្តែងជាតួ បែបកំប្លែងក៏វាមិនបង្កជាផលលំបាកខ្លាំង សម្រាប់រូបលោកនោះទេ។ ​ ក្នុងរឿងនេះលោកសម្តែង ជាតួអង្គអ្នកនៅស្រុកស្រែ ធ្វើដំណើរផ្សងព្រេង ទៅទីក្រុងជាមួយមិត្តពីរនាក់ទៀតគឺ លោក BIG និង​ នាយគ្រឿន ដែលពួកលោកសុទ្ធតែ មិនសូវស្គាល់រាជធានីភ្នំពេញច្បាស់ ប៉ុន្តែលោកបានជួបស្នេហា នៅទីក្រុងនោះតែម្តង។

សូមបញ្ជាក់ថា តារាសម្ដែងដែលបានបង្ហាញខ្លួន នៅក្នុងពិធីនោះ រួមមានតួឯកស្រី គៀត សុវណ្ណាឡាង លោក លឹម ជាឡាយ កញ្ញា សុភ័ណ្ឌ លីនដា លោកប៊ីអាយជី លោកស៊ឹម សោភ័ណ្ឌ លោក Pey Pey Dy និងតារាសម្ដែងដែលជាតួអង្គក្នុងរឿង និងភ្ញៀវកិត្តិយសមួយចំនួនទៀត។ ​​រឿង «Hello Phnom Penh » ត្រូវចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្តទំនើប នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបចាប់ពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នេះតទៅ៕