(ភ្នំពេញ)៖ ជនក្បត់ជាតិតត្រកូល ទណ្ឌិត សម រង្ស៊ី តាំងពីថ្ងៃចូលប្រឡូកក្នុងឆាកនយោបាយ រហូតមកដល់សព្វថ្ងៃនេះ ចេះត្រឹមតែការបំផ្លិចបំផ្លាញជាតិនិងប្រជាជនកម្ពុជា។ ទណ្ឌិតរត់ចោលស្រុកដែលស្ពាយទោសជាប់ខ្លួននិងដែលតែងតែពោលពាក្យថា ស្មោះត្រង់ ស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា តែធាតុពិតមកបន្លំខ្លួនធ្វើនយោបាយនៅកម្ពុជាដើម្បីតែគំនុំសងសឹកជាមួយខ្សែរាជវង្សខ្មែរនិងដើម្បីបំផ្លាញជាតិតែប៉ុណ្ណោះ។
ជាបឋម យើងគ្រាន់តែក្រឡេកមើលសាវតានៃការធ្វើនយោបាយរបស់ជនក្បត់ជាតិ តត្រកូល៣ជំនាន់រូប នេះ យើងក៏អាចយល់បានយ៉ាងងាយបាត់ទៅហើយ។ ទណ្ឌិតរូបនេះបានរស់នៅយ៉ាងសុខស្រួលក្នុងប្រទេសបារាំងក្នុងអំឡុងពេលប្រជាជនកម្ពុជាកំពុងរងទុក្ខវេទនាក្នុងរបបកាប់សម្លាប់របស់ពួកប្រល័យពូជសាសន៍ប៉ុល ពត អំឡុងឆ្នាំ១៩៧៥-១៩៧៩ ដោយគ្មានឈឺឆ្អាលនឹងសុខទុក្ខរបស់ខ្មែរ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ បុគ្គលរូបនេះសម្ងំរស់នៅយ៉ាងសុខស្រួលនៅពេលប្រទេសជាតិជួបគ្រោះមហន្តរាយ និងប្រជាជនជួទុក្ខវេទនាស្លាប់ស្ទើរផុតពូជ។ តើនរណាខ្លះដែលបានលឺឈ្មោះ សម រង្ស៊ី ចេញមុខឈឺឆ្អាលរឿងខ្មែរក្នុងកំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលគ្រប់គ្រងដោយរបបវាលពិឃាត ប៉ុល ពត? គឺគ្មានទាល់តែសោះ។
ក្រោយប្រទេសជាតិត្រូវបានរំដោះក្រោមការលះបង់សាច់ស្រស់ ឈាមស្រស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឥស្សរជននៃគណបក្សបក្សប្រជាជនកម្ពុជា ស្រាប់តែលេចមុខម្សៀរូបនេះអើតក្បាលមកពីស្រុកបារាំងមកធ្វើនយោបាយនៅកម្ពុជាដោយជ្រកក្រោមស្លាកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ ពេលមកដល់កម្ពុជាភ្លាម បុគ្គលរូបនេះដែលពាក់ក្រវ៉ាត់កចុះពីយន្តហោះ ស្រាប់តែក្អេងក្អាង ដោយតាំងខ្លួនថាជាអ្នកស្នេហាជាតិ មកជួយសង្គ្រោះកម្ពុជា ប្រៀបបាននឹងតួអង្គគង់ហ៊ានក្នុងរឿងនិទានខ្មែរ។ ពេលនោះ ប្រជាពលរដ្ឋខ្មែរនឹកឃើញភ្លាមដល់បទចម្រៀងដ៏មានប្រជាប្រិយមួយបទដែលច្រៀងថា «ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញ បងដេញឲ្យស្រីមើល។ ក្រពើក្នុងទឹក បងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់ឲ្យអូនមើល»។
ក្រឡេកមើលសកម្មភាពនយោបាយរបស់ជនក្បត់ជាតិរូបនេះវិញ! ចាប់តាំងពីចាប់ផ្តើមធ្វើសកម្មភាពនៅកម្ពុជា មកគ្មានសមិទ្ធផលប៉ុនក្រចកដៃដែលបានបន្សល់ទុកជូនជាតិ និងប្រជាជនខ្មែរទាល់តែសោះ។ កុំថាឡើយផ្លូវថ្នល់មួយចំអាម ស្ពានឬស្ស៊ីឆ្លងប្រឡាយមួយ អណ្តូងទឹកមួយ ឬផ្ទះស្បូវមួយខ្នង សូម្បីតែបង្គន់មួយដែលជាស្នាដៃសម រង្ស៊ី ក៏គេរកមិនឃើញផងនៅលើទឹកដីកម្ពុជា។ ផ្ទុយទៅវិញសមិទ្ធផលដ៏ធំធេងរបស់ទណ្ឌិតរត់ចោលស្រុករូបនេះដែលបានបន្សល់ទុកក្នុងឆាកនយោបាយកម្ពុជា រយៈពេលជាច្រើនទសវត្សរ៍មកនេះគឺ វប្បធម៌ជេរប្រមាថ ចងកំហឹង គំនុំសងសឹក និងការលាបពណ៌ដែលធ្វើឲ្យសង្គមខ្មែរបែកបាក់រហូតមកទល់សព្វថ្ងៃ។
យុទ្ធសាស្ត្រនយោបាយរបស់សន្តានជនក្បត់ជាតិគឺតែងតែរុញប្រជាជនឱ្យទៅស្លាប់ រងរបួស និងជាប់ទោសជំនួសខ្លួន តាមរយៈការញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្មហិង្សា វាយកម្ទេច ដុតបំផ្លិចបំផ្លាញទាំងទ្រព្យសម្បត្តិរដ្ឋនិងឯកជន។ ម្យ៉ាងទៀត បុគ្គលរូបនេះតែងបានជាន់ឈ្លីបំផ្លាញកេរ្ដិ៍ឈ្មោះប្រទេសលើឆាកអន្តរជាតិ និងអំពាវនាវឲ្យក្រុមប្រទេសធំៗដាក់សម្ពាធ និងផ្ដាច់ ជំនួយពីកម្ពុជា។ មានភស្តុតាងជាច្រើនដែលបានបង្ហាញឱ្យឃើញថា ទណ្ឌិតក្បត់ជាតិតសន្តាន សម រង្ស៊ី បានប្រព្រឹតកំហុសចំពោះជាតិនិងប្រជាជនកម្ពុជាដែល មិនអាចអត់ឱនបាន។ ភស្តុតាងទាំងនោះរួមមាន៖
១៖ «ការបំផ្លាញកិត្តិយសនិងមុខមាត់ជាតិ»៖ ទណ្ឌិតរូបនេះជាអ្នកនយោបាយមើលស្រាលប្រជាជាតិខ្លួនឯង និងយកបរទេសធ្វើជាចៅហ្វាយនាយ។ ចាប់តាំងពីចេះធ្វើនយោបាយមក ម៉ាត់ណាក៏យមហាអំណាចបរទេសមកធ្វើជាត្រីមុខដែរ។ បុគ្គលនេះមិនដែលផ្តល់តម្លៃសូម្បីតែបន្តិចដល់ជាតិសាសន៍ខ្លួនឯង តែសុខចិត្តបម្រើបរទេស និងឱ្យបរទេសប្រើប្រាស់ជាកូនអុកដើម្បីផលប្រយោជន៍របស់គេ។ តាំងពីដើមទីរហូតមកដល់បច្ចុប្បន្ន គោលបន្ទាត់នយោបាយរបស់ជននេះ គឺលុតក្រាបចំពោះមុខជនបរទេស ហើយបំផ្លាញប្រយោជន៍ជាតិខ្លួនឯងរហូត។ បុគ្គលរូបនេះ មិនត្រឹមតែចាត់ទុកមេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញជាសត្រូវស្លាប់រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាត់ទុក ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាចំណាប់ខ្មាំងនិងសត្រូវរបស់ខ្លួនផងដែរ។ ជាក់ស្តែង ការធ្វើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី គ្មានអ្វីក្រៅពីការមួលបង្កាច់ ជាន់ពន្លិចប្រទេសជាតិនិងប្រជាជនខ្លួនឯងនៅលើឆាកអន្តរជាតិឡើយ។ នេះជាល្បិចកលធ្វើឲ្យប្រទេសជាតិធ្លាក់ចុះដុនដាប ប្រជាជនលំបាករងទុក្ខដើម្បីខ្លួនមានលេសចោទរដ្ឋាភិបាលលោក ហ៊ុន សែនថា គ្មានសមត្ថភាពដឹកនាំប្រទេស។ បើប្រទេសជាតិធ្លាក់ចុះកាន់តែខ្លាំង បុគ្គលនេះកាន់តែសប្បាយចិត្ត និងទះដៃអបអរសាទរកាន់តែខ្លាំង ពីព្រោះ «សុភមង្គលពិតប្រាកដរបស់ទណ្ឌិតសម រង្ស៊ី គឺនៅពេលឃើញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា»។
២៖ «ការបំផ្លាញសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម»៖ ចាប់តាំងពីឈានជើងចូលឆាកនយោបាយកម្ពុជាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទណ្ឌិតរូបនេះបានធ្វើនយោបាយបែបប្រជោនិយមតាមរយៈការញុះញង់ឱ្យប្រជាជនងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច រើសអើងប្រកាន់ពូជសាសន៍ ប្រកាន់វណ្ណៈសង្គម ធ្វើឲ្យអ្នកក្រស្អប់អ្នកមាន និងធ្វើឲ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំ។ គេនៅចាំបានថា អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថា អ៊ុនតាក់ ធ្លាប់បានព្រមានក្រុមនេះកុំឱ្យមានការរើសអើងប្រកាន់ជាតិសាសន៍ នៅក្នុងសារនយោបាយរបស់ខ្លួន។ ដើម្បីមហិច្ឆតាអំណាច បុគ្គលរូបនេះបានព្យាយាមចម្លងចលនាបដិវត្តន៍ពណ៌ ហើយចង់បំផ្ទុះចលនានេះនៅកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបញ្ជាចៅហ្វាយនាយបរទេសដែលសម្លឹងឃើញផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
៣៖ «ការបំផ្លាញសេដ្ឋកិច្ចជាតិ»៖ ទណ្ឌិតរូបនេះស្ថិតក្នុងចំណោមមនុស្សតិចតួបបំផុតនៅលើលោកនេះដែលចេញមុខជាចំហរធ្វើនយោបាយបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិ យកប្រជាជនខ្លួនឯងធ្វើជាចំណាប់ខ្មាំងដើម្បីតែគំនុំឈាមសងសឹកឱ្យគ្រួសារក្បត់ជាតិរបស់ខ្លួន ខណៈដែលគណបក្សប្រជាជនកម្ពុជាធ្វើនយោបាយ ដើម្បីជំរុញការអភិវឌ្ឍ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនជីវភាពរស់នភរបស់ប្រជាជន។
សារនយោបាយដែលទណ្ឌិតរូបនេះ ទន្ទិញចាំមាត់បំផុតគឺការអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន។ គេមិនដែលបានលឺទាល់តែសោះថា អ្នកនយោបាយឈ្មោះ សម រង្ស៊ីចេះជួយកៀគររកចំណូលជូនជាតិ និងជូនប្រជាជន។ ផ្ទុយទៅវិញ បេសកកម្មចម្បងរបស់ជនក្បត់ជាតិតសណ្តាននេះ គឺបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិឱ្យថប់ហើយឈានទៅដួលរលំតែម្តង។ ប្រសិនបើឃើញថា ប្រទេសខ្លួនឯងមានដង្ហើម សេដ្ឋកិច្ចនៅត្រង់ណា បុគ្គលរូបនេះនឹងទៅបិទខ្ទប់នៅត្រង់នោះភ្លាម។ ការអំពាវនាវឱ្យបរទេសកាត់ជំនួយ ឬកុំទិញទំនិញពីកម្ពុជាបានក្លាយជាអត្តសញ្ញាណយ៉ាងច្បាស់ក្រឡែតរបស់ទណ្ឌិតរូបនេះដោយមិនអាចប្រកែកបាន។ ករណី EBA គឺជាភស្តុតាងមួយដែលបានបង្ហាញថា ទណ្ឌិតរូបនេះមិនញញើតក្នុងការ ប្រកាសជាចំហរប្រឆាំងនឹងផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់កម្មករនិងកសិករខ្មែរ បើទោះបីជាខ្មែរពេញនគររួមទាំងជនបរទេសជាច្រើនផង បានទាមទារកុំឱ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជាក្តី។ ភាពគឃ្លើន របស់ទណ្ឌិតរូបនេះ គឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង ដែលមិនអាចអត់ឱនឱ្យបានឡើយ។
៤៖ «ការបំផ្លាញជីវភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋខ្មែរ»៖ ចរិតនៃការធ្វើនយោបាយដុតកំហឹងជាតិសាសន៍ ញុះញង់ និងលាបពណ៌ឱ្យខ្មែរស្អប់ខ្មែរ ត្រូវបានអនុវត្តតាំងពីជននេះចាប់ផ្តើមជីវិតនយោបាយមកម្ល៉េះ។ ជាក់ស្តែង បើមានមន្ត្រីបក្សខ្លួនណាហ៊ានរិះគន់ ឬនិយាយជំទាស់ ច្បាស់ជាត្រូវបុគ្គលនេះចោទថា ជាអាយ៉ងយួន លក់ក្បាលនិងក្បត់បក្ស ជាមិនខាន។ ល។ ពាក្យចោទនេះត្រូវបានប្រើប្រាស់យ៉ាងពេញនិយមកាលពីក្នុងសម័យប៉ុលពតដើម្បីយកមនុស្សទៅសម្លាប់។ សង្គមខ្មែរដែលដិតដាមដោយការលាបពណ៌ ការបែកបាក់ និងការរើសអើងពូជសាសន៍រយៈពេលជាងពីរទសវត្សរ៍មកនេះ គឺពិតជាស្នាដៃឯករបស់បុគ្គលក្បត់ជាតិ សម រង្ស៊ី។ ជាទូទៅអ្នកនយោបាយពិតប្រាកដគឺជាអ្នកដែលហ៊ានលះបង់ ហ៊ានយកអាយុជីវិតទៅពាំងការពារផលប្រយោជន៍ជាតិ និងប្រជាជន ដូចអ្វីដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបាន និងកំពុងធ្វើ។
ក៏ប៉ុន្តែផ្ទុយពីនេះស្រឡះ មានតែទណ្ឌិតសម រង្ស៊ី ទេ ដែលយកពលរដ្ឋទៅពាំងការពារផលប្រយោជន៍ខ្លួនឯងទៅវិញ។ តើមានពលរដ្ឋខ្មែរអ្នកគាំទ្របុគ្គលនេះប៉ុន្មាននាក់ហើយ ដែលបាន ស្លាប់ ជាប់គុក និងរងរបួស ឬត្រូវទទួលទោសទណ្ឌផ្សេងៗដោយសារតែទណ្ឌិតរូបនេះបោកបញ្ឆោតឱ្យចេញមុខពាំងជំនួសសកម្មភាពខុសច្បាប់របស់ខ្លួន? តើមានពេលណាមួយដែលជនក្បត់ជាតិរូបនេះហ៊ានជាប់គុកជំនួសពលរដ្ឋឬទេ? តើមានម្តងណាដែលបុគ្គលនេះអំពាវនាវឱ្យពលរដ្ឋស្ងប់ស្ងៀម និងអហិង្សាដែរឬទេ? គឺពិតជាគ្មាន ឡើយក្នុងជីវិត នយោបាយរបស់ជនក្បត់ជាតិ សម រង្ស៊ី គឺមានតែការញុះញង់ឲ្យពលរដ្ឋងើបបះបោរ បង្កភាពវឹកវរ រហូតឈានដល់ការប្រើអំពើហិង្សា បង្កចលាចលក្នុងសង្គម។ នៅពេលមានបញ្ហាធ្ងន់ធ្ងរកើតឡើង បុគ្គលនេះក៏រត់ទៅសម្ងំសោយសុខនៅឯបរទេស យ៉ាងរំភើយ។
៥៖ «ការបំពានច្បាប់ ការប្រមាថស្ថាប័ន និងការប្រមាថព្រះមហាក្សត្រ»៖ បន្ទាប់ពីបានបំពានច្បាប់ម្តងហើយម្តងទៀត ទណ្ឌិតរូបនេះក៏បានចេញមុខប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ និងប្រឆាំងកម្ពុជាយ៉ាងចំហតែម្តង។ បុគ្គលនេះដែល មានឈាមជ័រជាជនក្បត់ជាតិ ក្បត់រាជបល្ល័ង្កបន្តពីឪពុក បានជេរប្រមាថអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ ដែលជាអំពើប្រឆាំងនឹងច្បាប់កំពូលផង និងផ្ទុយពីសីលធម៌របស់ប្រជាពលរដ្ឋខ្មែរទូទាំងនគរផង។
ការជេរប្រមាថព្រះមហាក្សត្រ បានដើរបញ្ច្រាសទាំងស្រុងទៅនឹងចរន្តប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ព្រះមហាក្សត្រ ដោយចាត់ទុកព្រះអង្គជាទីគោរពសក្ការៈ។ អំពើនេះក៏ប្រឆាំងនឹងរបបរាជានិយមនៅកម្ពុជា យ៉ាងចំហផងដែរ។
៦៖ «អំពើក្បត់ជាតិ កាត់ខេត្តខ្មែរចំនួន៤ នៅភូមិភាគឥសាន្តឱ្យទៅវៀតណាម»៖ អ្វីដែលគេមិននឹកស្មានដល់ទាល់តែសោះនោះ គឺបុគ្គលរូបនេះ កាលពីមានតួនាទីជាប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៣ បានចុះហត្ថលេខាជាមួយមេក្រុមជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស ដោយសម្រេចផ្តល់ស្វ័យភាព និងសិទ្ធិពេញលេញឱ្យក្រុមជនជាតិម៉ុងតាញ៉ា នៅក្នុងការគ្រប់គ្រងលើខេត្តខ្មែរចំនួន៤ គឺខេត្តរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ។ ទង្វើរបស់ទណ្ឌិតរូបនេះគឺជាការរំលោភយ៉ាងកំរោលនិងជាក់ស្តែងបំផុតចំពោះរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិ ដែលពិតជាមិនអាចអត់ឱនបានឡើយ។ បុគ្គលនេះតែងប្រកាសប្រឆាំងវៀតណាមដាច់ខាត់ ប៉ុន្តែបែរជាទៅលួចចរចាសម្ងាត់ និងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមព្រំដែន រួមនឹងការចុះហត្ថលេខា សន្យាកាត់ទឹកដី៤ ខេត្តឱ្យក្រុមម៉ុងតាញ៉ាវៀតណាមថែមទៀតផង។
ជនក្បត់ជាតិរូបនេះមិនទាន់បានឡើងដឹកនាំប្រទេសផង ហ៊ានចុះហត្ថលេខាកាត់ដីឱ្យបរទេសទៅហើយ និងសុខចិត្តទទួលយកនូវការបង្គាប់បញ្ជាពីបរទេសដើម្បីបំផ្លាញជាតិខ្លួនឯងបាត់ទៅហើយ ចុះប្រសិនបើបានកាន់អំណាចដឹកនាំ ប្រទេសវិញនោះ តើជនក្បត់ជាតិរូប នេះនឹងហ៊ានធ្វើអ្វីទៀត?
សរុបមកវិញ រាល់សកម្មភាពរបស់ទណ្ឌិតរូបនេះ ដូចបានរៀបរាប់ត្រួសៗខាងលើ វាពិតជាលើសពីគ្រប់គ្រាន់ពេកទៅទៀតដែលបញ្ជាក់បានថា បុគ្គលរូបនេះពិតជាជនក្បត់ជាតិ និងក្បត់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។ ប្រជាជនខ្មែរដែលស្រឡាញ់ជាតិ គោរព ស្រឡាញ់ព្រះមហាក្សត្រ គឺមិនអាចទទួល យកទង្វើដ៏ថោកទាប តពូជពីឪដល់កូនដែលប្រព្រឹត្តដោយទណ្ឌិតរូបនេះបានឡើយ ពីព្រោះ នេះជាការដើរបញ្ច្រាស់បំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ពលរដ្ឋខ្មែរប្រឆាំងដាច់ខាតចំពោះអំពើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ីដែលបានបំផ្លិចបំផ្លាញចំពោះសង្គមជាតិកន្លងមកនេះ ហើយតម្លៃដែលទណ្ឌិតក្បត់ជាតិ តសន្តានរូបនេះត្រូវសងចំពោះជាតិនិងប្រជាជនកម្ពុជាក៏មិនត្រូវទូទាត់បញ្ចប់ត្រឹមតែការកាត់ទោសដាក់គុកនិងហាមមិនអោយធ្វើនយោបាយមួយជីវិតនោះដែរ៕
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសកលវិទ្យាល័យភ្នំពេញ