(ភ្នំពេញ)៖ តំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ជាធនាគារធម្មជាតិ ដោយបានដើរតួនាទីក្នុងការអភិរក្សជីវៈចម្រុះគ្រប់ប្រភេទ រក្សាប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ និងធានាការអភិវឌ្ឍដោយចីរភាពធានាបាននូវភាពសំបូរបែប នៃធនធានសេនេទិចរុក្ខជាតិបរិភោគ និងស្រោចស្រព។
ទន្ទឹមនឹងនេះ តំបន់ការពារធម្មជាតិក៏ជាប្រភពធនធាន និងផ្តល់សេវាកម្មធម្មជាតិ ដល់តម្រូវការចិញ្ចឹមជីវិត ជាពិសេសសម្រាប់ក្រុមងាយទទួលរងគ្រោះក្នុងសង្គម។ នៅកម្ពុជា ជនជាតិដើមភាគតិច និងសហគមន៍ជនបទ ពឹងអាស្រ័យជាចម្បងទៅលើតំបន់ការពារធម្មជាតិ ដែលបានផ្តល់ចំណីអាហារ ទឹកលំនៅដ្ឋាន ថ្នាំពេទ្យ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ ជាងនេះទៀត តំបន់ការពារធម្មជាតិប្រទេសកម្ពុជា មានសក្តានុពលយ៉ាងធំធេង ក្នុងការប្រែក្លាយទៅជាតំបន់ទេសចរធម្មជាតិ ដែលអាចបង្កើតប្រាក់ចំណូលជូនដល់សហគមន៍មូលដ្ឋានផង និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិផង។
ការការពារ និងថែរក្សាតំបន់ការពារធម្មជាតិត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រមួយដែលមានប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ សម្រាប់ចូលរួមដោះស្រាយបញ្ហាពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការរក្សាសេវាកម្មប្រព័ន្ធអេកូឡូស៊ី។ ការបង្កើនទុនវិនិយោគទៅលើតំបន់ការពារធម្មជាតិ គឺជាការវិនិយោគដែលមានតម្លៃខ្ពស់ ហើយវាក៏នឹងផ្តល់នូវអត្ថផលប្រយោជន៍យ៉ាងច្រើនចំពោះប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែងផងដែរ។
បច្ចុប្បន្ន ប្រព័ន្ធតំបន់ការពារធម្មជាតិប្រទេសកម្ពុជា រួមមាន៖ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានចំនួនប្រមាណ ៤១% នៃផ្ទៃដីសរុបប្រទេសស្មើផ្ទៃដីប្រមាណ ៧,៣លានហិកតា។ ចំនួននេះ គឺតំណាងមួយដ៏ខ្ពស់ក្នុងប្រទេសលើពិភពលោកដែលមានតំបន់ការពារធម្មជាតិ។ នៅតំបន់អាស៊ី មានតែប្រទេសប៊ូតានមួយដែរដែលមានផ្ទៃដីតំបន់ការពារធម្មជាតិប្រហាក់ប្រហែលនិងកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយប្រព័ន្ធតំបន់ការពារធម្មជាតិកម្ពុជានាពេលបច្ចុប្បន្នកំពុងរងសម្ពាធ និងក្តីបារម្ភយ៉ាងខ្លាំង អំពីប្រសិទ្ធភាពនៃការការពារជីវៈចម្រុះ និងការផ្តល់ឱកាសសម្រាប់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍មូលដ្ឋានប្រកបដោយចីរភាព ហេតុដូចនេះ ការវិនិយោគបន្ថែមចំពោះប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ គឺជាតម្រូវការចាំបាច់ ដើម្បីធានាឱ្យការគ្រប់គ្រងបានល្អប្រសើរសម្រាប់បន្តផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់នៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ (២០១៧-២០៣១)។ ផែនការយុទ្ធសាស្ត្រនេះបានឆ្លុះបញ្ចាំងពីឆន្ទះនយោបាយ និងការប្តេជ្ញាចិត្តដ៏មុតមាំ សម្រាប់កិច្ចការពារថែរក្សាតំបន់ការពារធម្មជាតិ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាពរួមទាំងការកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ វប្បធម៌ និងសេវាកម្ម
ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព។
ផែនការយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិនេះនឹងជួយក្រសួងបរិស្ថាន ស្ថាប័នរបស់រដ្ឋាភិបាលពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមរៀបចំ និងអនុវត្តសកម្មភាពសមស្រប ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងរួមចំណែកជាមួយផែនការយុទ្ធសាស្ត្រជាតិដទៃៗទៀតរួមមាន៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុយុទ្ធសាស្ត្ររេដបូកជាតិ ផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិបរិស្ថាន ក្នុងគោលដៅឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ដែលជាផ្នែកមួយនៃដំណោះស្រាយដ៏មានប្រសិទ្ធភាពទៅលើការងារការពារ និងអភិរក្សធនធានធម្មជាតិ។ លោកថាវិធានការច្បាប់តែមួយមុខមិនអាចជោគជ័យនោះទេ នៅពេលដែលជនល្មើសនៅតែប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
លោកបានបន្ថែមថា «នៅពេលដែលប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន មានការមុខរបរថ្មី វានឹងក្លាយជាដំណោះស្រាយវិធានការសេដ្ឋកិច្ច គឺជាចំណុចសំខាន់ ដើម្បីឱ្យប្រជាសហគមន៍ទទួលបាននូវមុខរបរ ចំណូល និងជម្រើសថ្មី ក្រៅពីមុខរបរប្រពៃណីរបស់គាត់»។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា «រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបានជំរុញឱ្យប្រជាសហគមន៍មូលដ្ឋាន ចូលរួមការពារធនធានធម្មជាតិ រហូតពេលបច្ចុប្បន្ននេះកម្ពុជាបានផ្លាស់ប្តូរនូវរបត់ថ្មីមួយ គឺរបត់ថ្មីមួយដែលយើងអាចរកលុយបានតាមរយៈការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត និងទេសចរណ៍ធម្មជាតិ ដែលបានផ្លាស់ប្តូរផ្នត់់គំនិតរបស់ប្រជាពលរដ្ឋ ពីការចូលរព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃទើប ទទួលបានថវិកា ប៉ុន្តែ ការរក្សាព្រៃឈរ ក៏អាចរកចំណូលបានដែរ»។
លោកថា លទ្ធផលជាក់ស្តែងគម្រោងឥណទានកាបូន នៅខេត្តមណ្ឌលគិរី ដែលទទួលបានជោគជ័យ គឺភូមិដែលរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិ ក្នុងមួយភូមិអាចទទួលបានថវិកាក្នុង១ឆ្នាំប្រមាណ ១.៣ម៉ឺនដុល្លារ នេះជាប្រភពថវិកាមិនចេះរីកស្ងួតពីការលក់ឥណទានកាបូន។ ចំណុចនេះ ក្រសួងបានជុំរញបន្ថែមទៀតឱ្យសហគមន៍យល់ដឹងកាន់ខ្លាំងពីផលប្រយោជន៍ធនធានធម្មជាតិ។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គិតចាប់តាំងពីអាណត្តិទី៥ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានសហគមន៍តំបន់ការពារធនធានធម្មជាតិ ដែលគិតមកដល់ពេលនេះមានចំនួន ១៨៦សហគមន៍តំបន់ការពារធម្មជាតិ ដោយមិនគិតពីសហគមន៍ព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕