(ព្យុងយ៉ាង)៖ ប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងជើង ដឹកនាំដោយអតីតរដ្ឋមន្ត្រីការបរទេសលោក Ri Su Yong ដែលជាសមាជិកនៃ ការិយាល័យនយោបាយនៃគណកម្មការមជ្ឈិមបក្សពលករកូរ៉េ និង មន្ត្រីកំពូលៗ មួយចំនួនទៀត បានចាកចេញពីទីក្រុងព្យុងយ៉ាងហើយ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសចិន។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។
ការបំពេញទស្សនកិច្ចរបស់លោក Ri ពេលនេះត្រូវបានគេមើលឃើញថា ទំនងជាទីក្រុងព្យុងយ៉ាង ចង់ឲ្យសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតមួយនេះជួយសង្គ្រោះ ស្របពេលដែលកូរ៉េខាងជើង កំពុងតែគ្របសង្កត់ ដោយទណ្ឌកម្មរបស់អន្តរជាតិ។ បន្ថែមពីនេះទៀត ទីក្រុងប៉េកាំងក៏ធ្លាប់ចេញមុខ ប្រឆាំងចំពោះកម្មវិធី នុយក្លេអ៊ែររបស់កូរ៉េខាងជើង នោះដែរ ដែលវាទំនងជាហេតុផលដែលនាំឲ្យទស្សនកិច្ចក៏កម្រ ពីសំណាក់មន្ត្រីជំនិតលោក គីម ជុងអ៊ុន នេះធ្វើឡើងទៅកាន់ប្រទេសចិន៕