(កំពង់ចាម)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាមួយនឹងការផ្តល់ជាអំណោយមួយចំនួន ជូនដល់អ្នកជំងឹទាំង១៥០គ្រួសារ នៅមន្ទីរសម្រាកព្យាបាល «ស៊ុន ពិសិដ្ឋ» ក្នុងភូមិអ្នកតាស្នឹង ឃុំ បឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ការពិនិត្យ និងព្យាបាលជូនដល់អ្នកជំងឺដោយឥតគិតថ្លៃ ជាមួយការជូនជាអំណោយដល់ប្រជាពលរដ្ឋទាំង១៥០គ្រួសារនេះ ធ្វើឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ស៊ុន ពិសិដ្ឋ អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ផ្នែកឯកទេសជំងឺបេះដូង និងសរសៃឈាម និងជាស្ថាបនិក មន្ទីរសម្រាកព្យាបាល «ស៊ុន ពិសិដ្ឋ» និងបុគ្គលិក តំណាងលោក លេង ផាលី ប្រធានប្រត្តិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងមានការសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ បឹងណាយរួមមាន៖ រដ្ឋបាលប៉ុស្តិ៍, មេឃុំ, ក្រុមប្រឹក្សាឃុំ, មេភូមិ និងប្រជាការពារភូមិ ជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា ការផ្តល់ជូនថ្នាំដល់អ្នកជំងឺដោយឥតគិតថ្លៃនេះមានរយៈពេល១០ថ្ងៃនេះ គឺមានទីតាំងនៅ មន្ទីរសម្រាកព្យាបាល «ស៊ុន ពិសិដ្ឋ» ភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថែមទាំងផ្តល់ជូនអាហារពេលព្រឹកជូនដល់ប្រជាពលរដ្ឋ និងថវិកាម្នាក់១០,០០០រៀល។ ឆ្លៀតក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក៏បានប្រារព្ធពិធីបែបព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ ចំនួន៤អង្គ និងបានប្រគេនចង្ហាន់ទាំងពេលព្រឹក និងថ្ងៃត្រង់រួមទាំងទេយ្យទាន និង បច្ច័យ ១០០,០០០(១សែនរៀល) ក្នុងមួយអង្គ។
ឱកាសនោះ លោកវេជ្ជបណ្ឌិត ស៊ុន ពិសិដ្ឋ បានឲ្យដឹងថា «រយៈពេលជាង១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២០ សីហា ឆ្នាំ២០២២) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៦,៧៧៩នាក់ (ប្រាំមួយពាន់ប្រាំពីរមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦ នាក់ (បីពាន់ប្រាំមួយរយកៅសិបប្រាំមួយនាក់)»។
លោកវេជ្ជបណ្ឌិតបន្ថែមថា «គិតត្រឹម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ចំនួនជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៦,៨៤៣,៣៣៣ នាក់ (ដប់ប្រាំមួយលានប៉ែតសិបបួនម៉ឺនបីពាន់បីរយសាមសិបបីនាក់) ធៀបនឹងឆ្នាំ២០២២ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៧០២លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១០,៤៧៥,៧៣៥នាក់ (ដប់លានសែសិបប្រាំពីរម៉ឺនប្រាំពាន់ប្រាំពីររយសាមសិបប្រាំនាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៣៣៥,០៧២នាក់ (ប្រាំលានសាមសិបបីម៉ឺនប្រាំពាន់ចិតសិបពីរនាក់)។
សូមរម្លឹកថា ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី មានចំនួន ២,៩៤៥នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាម របស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋ បានប្រមាណ៩,៣៥៨,០៥២ដូស (ប្រាំបួនលានសាមសិបប្រាំម៉ឺនប្រាំបីពាន់ហាសិបពីរដូស) ក្នុង២៥ រាជធានី-ខេត្ត។
លោកវេជ្ជបណ្ឌិត ស៊ុន ពិសិដ្ឋ អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងទៀថា ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរព ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន និង លោក ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។
តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តុងឧត្តម និងដ៏ថ្លៃថ្លា របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រយៈពេលជាង១០ឆ្នាំកន្លងមក បានទទួលលទ្ធផលជាផ្លែផ្កា ដែលនាំឱ្យប្រជាពលរដ្ឋទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ានី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ៕