(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក អាឡិច ស្កាយហ្គា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឈីលី បន្ទាប់ពីលោកឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំងចំពោះព្រះភក្ដ្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។
ក្រសួងការបរទេសបញ្ជាក់ថា ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីទំនាក់ទំនងការទូតដ៏យូរអង្វែង និងបានស្វែងរកឱកាសជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកសរសើរកម្ពុជា លើការអភិវឌ្ឍសេដ្ឋកិច្ច និងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងផងដែរ៕