(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា បើទោះបីកម្ពុជា បានខិតខំប្រឹងប្រែងធ្វើឲ្យស្ថានភាពសិទ្ធិរបស់ កុមារកាន់តែមានភាពល្អប្រសើរជាលំដាប់យ៉ាងណាក្តី តែកម្ពុជានៅតែទទួលរងនូវឥទ្ធិពល និង ផលប៉ះពាល់ពីអំពើហិង្សាលើកុមារ និង ការ ប្រើប្រាស់គ្រឿងញៀននៅឡើយ ជាហេតុបង្កឲ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់ជនរងគ្រោះ ក្រុមគ្រួសារ និង សង្គម។
ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៥ ទិវាពិតលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុ ជាបានធ្វើឲ្យស្ថានភាពសិទ្ធិកុមារ កាន់តែមានភាពល្អប្រសើរជាលំដាប់ ដូចជាអត្រាមរណភាព របស់កុមារបានថយចុះជាលំដាប់ ការចុះឈ្មោះ ចូលរៀនមានការកើនឡើង ការជួយសង្រ្គោះជាតិកុមារពីទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដើម្បីឲ្យកុមារទទួលបានការអប់រំ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងសមាហរណកម្មទៅក្នុងសង្គម និងការលើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាព។
រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើក កម្ពស់សុខុមាលភាពជនរងគ្រោះដោយគ្រឿងញៀន បានបន្តពង្រឹង និងពង្រីកសេវាព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំង នៅក្នុងមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និងឯកជន និងកម្មវិធីព្យាបាល ដោយផ្អែកលើសហគមន៍ ព្រមទាំងការផ្សព្វផ្សាយអប់រំពីផលប៉ះ ពាល់ និង គ្រោះថ្នាក់ នៃគ្រឿងញៀនយ៉ាងផុសផុល។
តែទោះបីជាកម្ពុជា បានខិតខំយ៉ាងនេះក្តី តែកម្ពុជា ក៏នៅតែទទួលរងនូវឥទ្ធិពល និងផលប៉ះពាល់ពីអំពើហិង្សាលើកុមារ និង ការប្រើប្រាស់ គ្រឿងញៀននៅឡើយ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ទោះបីជាកិច្ចខិតខំប្រឹងប្រែងទទួលបានស្នាដៃជាច្រើន ក៏ដោយ កម្ពុជានៅតែបន្តទទួលរង នូវឥទ្ធិពល និង ផលប៉ះពាល់ពីអំពើហឹង្សាលើកុមារ និង ការប្រើប្រាស់គ្រឿនញៀននៅឡើយ។ ស្ថានភាពនេះ បានបង្កឲ្យមានបញ្ហាប្រឈម ជាច្រើនដល់ជនរងគ្រោះ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ដោយធ្វើឲ្យខូចសុខភាព ប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ត និងស្មារតី បោះបង់ ការសិក្សា បាត់បង់ការងារ ខូចកិត្តិយសផ្ទាល់ខ្លួន និងគ្រួសារ បំផ្លាញទ្រព្យសម្បត្តិគ្រួសារ ប្រឈមផ្លូវច្បាប់ គ្រោះថ្នាក់ដល់អាយុជីវិត បង្ក ផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម»។
ដើម្បីបន្តចូលរួមការពារ និងលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ សម្តេច តេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រសួង ស្ថាប័ន អាជ្ញាធរ រួមនិងអង្គការដៃគូអភិវឌ្ឍន៍អនុវត្តន៍នូវវិធានការចំនួន ១០ចំណុចរួមមាន៖
១. បន្តលើកកម្ពស់ការយល់ដឹង និង ពង្រឹងការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ រួមបញ្ចូល ទាំងការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អនុវត្តច្បាប់ ដើម្បីបង្កលក្ខណៈឲ្យមន្រ្តីឃុំ សង្កាត់ និងភូមិអាចធ្វើសកម្មភាពការពារជន រងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ បានកាន់តែមានប្រសិទ្ធភាព។
២. បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការកំណត់អត្តសញ្ញាណអំពើហិង្សាលើកុមារ និង ការលើកកម្ពស់ការយល់ដឹងចំពោះផលប៉ះ ពាល់អវិជ្ជមាន នៃអំពើហិង្សា និងការផ្តល់ក្លាហានដល់កុមារ និង គ្រួសារក្នុងការរាយការណ៍ អំពីឧបទ្ទវហេតុអំពើហិង្សា និង ការរំលោភ បំពាននានា។
៣. ពង្រឹងសកម្មភាពចុះផ្តល់សេវានៅតាមមូលដ្ឋានសហគមន៍ រួមបញ្ចូលទាំងការគាំទ្រ ការអប់រំអំពីការលូតលាស់ទាំងស្មារតី និង រាងកាយ របស់កុមារ បង្កើនការយល់ដឹងអំពីផលប៉ះពាល់ នៃកអំពើហិង្សា និងការដាក់វិន័យទណ្ឌកម្មដោយហិង្សាលើកុមារ ដើម្បីលើកកម្ពស់ទំនាក់ ទំនងរវាងកុមារ និង ឪពុកម្តាយ អ្នកថែទាំរបស់កុមារប្រកបដោយសុវត្ថិភាព ស្ថិរភាព និងផ្តល់អំណោយផលដល់ការលូតលាស់របស់កុមារ។
៤. គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងយន្ដការ និង អនុវត្តផែនការត្រួតពិនិត្យ គ្រឿងញៀនឱ្យឆ្លើយតបប្រកបដោយមានប្រសិទ្ធភាពទៅនឹងស្ថានភាពជាក់ស្ដែងក្នុងរាជធានី-ខេត្តនីមួយៗ ដោយបង្ការ ទប់ស្ដាត់និងបង្ក្រាប រាល់បទល្មើ់សដែលមានការពាក់ព័ន្ធនឹងការ ផលិត ការដាំដុះ ការជួញដូរ ការចរចារ រក្សាទុក និង ការប្រើប្រាស់គ្រឿងញៀន និងជួយសម្រប សម្រួលយន្ដការព្យាបាល និង ស្ថារនីតិសម្បទាអ្នកគ្រឿងញៀន ដោយផ្អែកលើសហគមន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
៥. ក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានីយវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយនានា អង្គការជាតិ អន្ដរជាតិ ដៃគួអភិវឌ្ឍ វិស័យឯកជន និង អ្នកពាក់ ព័ន្ធ សូមបន្ដការយកចិត្តទុកដាក់ជួយអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ និង គ្រោះថ្នាក់ នៃគ្រឿញៀនដល់ប្រជាជនទូទៅ ជាពិសេសផ្ដោតលើ កុមារ ហើយត្រូវជួយដល់អ្នក ដែលកំពុងទទួលរងផលប៉ះពាល់ដោយគ្រឿងញៀនឱ្យទៅទទួលយកសេវាព្យាបាលស្ថារនីតិសម្បទា បណ្ដុះ បណ្ដាលវិជ្ជាជីវៈ និង ធ្វើសមាហរណកម្មទៅក្នុងសហគមន៍ ព្រមទាំងត្រូវបង្កើតការទទួលខុសត្រូវខ្ពស់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការ ផ្ដល់សេវាព្យាបាល និង ស្តារនីតិសម្បទាអ្នកគ្រឿងញៀន និង តាមមណ្ឌលបណ្ដោះអាសន្ន ក៏ដូចជានៅតាមសហគមន៍។
៦. អាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបន្ដពង្រឹង និង លើកកម្ពស់ប្រសិទ្ធភាពការងារ ដោយបន្ដធ្វើការស្រាវជ្រាវ ស៊ើប អង្កេត និង បង្ក្រាបរាល់បទល្មើសពាក់ព័ន្ធគ្រឿញៀន ដើម្បីផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់។
៧. កុមារម្នាក់ៗ ត្រូវចេះការពារខ្លួនពីការប្រើប្រាស់គ្រឿងញៀន និង ត្រូវចេះជួយអប់រំមិត្តភក្ដិឱ្យជៀសផុតពីគ្រឿងញៀន និង ធ្វើជាជន បង្គោលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ចំពោះកុមារ ដែលបានទទួលរងនូវការប៉ះពាល់គ្រឿងញៀនរួចហើយ ត្រូវភ្ញាក់ខ្លួនប្រញាប់ទៅ ទទួលយកសេវាព្យាបាល និង ស្ដារនីតិសម្បទាតាមគ្រប់លទ្ធភាព គ្រប់យន្ដការ និងគ្រប់ទីកន្លែងដែលនៅជិត។ មាតាបិតាត្រូវទទួលខុសត្រូវ ក្នុងការអប់រំ ណែនាំ ថែទាំត្រួតពិនិត្យ និង អង្កេត ដើម្បីឱ្យកូនចៅជៀសឆ្ងាយពីគ្រឿងញៀន ហើយបើមានការប៉ះពាល់ត្រូវប្រញាប់ប្រញាល់ យកទៅព្យាបាលជាបន្ទាន់។
៨. ដៃគូអភិវឌ្ឍន៍បណ្ដាប្រទេសជាមិត្ត និង ប្រទេសជិតខាងទាំងអស់សូមបន្ដចូលរួម និងឧបត្ថម្ភគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកម្ពុជាកាន់តែមានលទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងក្នុងប្រទេសក៏ដូចជាក្នុងការចូលរួមចំណែកធ្វើឱ្យ សហគមន៍អាស៊ាន និងពិភពលោកជៀសផុតពីការគំរាមកំហែងនៃគ្រឿងញៀន។
៩. ក្រសួង និងស្ថាប័នពាក់ព័ន្ធ សូមបន្ដលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់ សកម្មភាពសេដ្ឋកិច្ច និងកសាងបទដ្ឋានគតិយុត្តិ ដើម្បីធានាសុវត្ថិភាពកម្មករនិយោជិតវ័យក្មេង។
១០. ដើម្បីពង្រឹងការលើកកម្ពស់ការអនុវត្តលើការងារទាំងនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា សង្គមជាតិរបស់យើងនឹង បន្ដលើកកម្ពស់វប្បធម៍ស្រលាញ់កុមារ សំដៅរួមចំណែបង្ការ ទប់ស្កាត់ លុបបំបាត់ អំពើហឹង្សាលើកុមារ ការប្រើប្រាស់គ្រឿងញៀន និងពល កម្មកុមារ លើកស្ទួយសេចក្ដីថ្លៃថ្លូររបស់កុមារ និងពង្រឹងបន្ថែមទៀតនូវឆន្ទះប្ដូរផ្ដាច់ បន្ដយកចិត្តទុកដាក់ខ្ពស់ជាប្រចាំលើវិស័យសុខុមាលភាព កុមារនៅព្រះរាជាណាចក្រកម្ពុជាយើង៕