(បាត់ដំបង)៖ ព្រះភិក្ខុ ស៊ា សុផន និងព្រះសង្ឃ៦អង្គគង់ នៅវត្តក្តុល ក្រុងបាត់ដំបង បានផ្តល់ទេយ្យទានមួយចំនួនដល់ក្រុមការងារ តំណាងលោក សុខ លូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ទុកសម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តបាត់ដំបង។
ព្រះភិក្ខុ ស៊ា សុផន មានសង្ឃដីកាថា ព្រះអង្គ និងព្រះសង្ឃក្នុងកុដិតែងបានចូលរួមកៀងគរអំណោយពីសប្បុរសជន ពុទ្ធបរិស័ទនានា ដើម្បីយកមកជួយឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះថែមទាំងបានជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកផ្សេងៗដោយផ្ទាល់ផងដែរ។
លោក កង ប៊ន តំណាងលោក សុខ លូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លាចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ភិក្ខុឋិតមេធោ ស៊ា សុផន និងព្រះសង្ឃវត្តក្តុល ដែលតែងតែបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត។
ក្នុងឱកាសនេះ លោកអនុប្រធាន បានបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។
អំណោយដែលសាខាទទួលបាននាពេលនេះរួមមាន៖ អង្ករ ២០០គីឡូក្រាម, គ្រឿងបាឡុង ៥ឈុត, ត្រីខ១០យួរ, ទឹកត្រី៤យួរ, ទឹកស៊ីអ៉ីវ៤យួរ និងបច្ច័យចំនួន៧០ម៉ឺនរៀលផងដែរ៕