(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាលើកទឹកចិត្តដល់កម្លាំងសណ្តាប់ធ្នាប់ និងភ្នាក់ងារអនាម័យ បរិស្ថានខណ្ឌ សរុប៧០នាក់ ក្រោយពីជាសមាជិកក្រុមលេខាសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ឱ្យលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ជួបជាមួយតំសហគមន៍ ក្នុងការស្វែងរកដំណោះស្រាយ ឈ្នះឈ្នះទាំងអស់គ្នា ចំពោះការសម្រេចផែនការកសាងស្ថាបនាអភិវឌ្ឍផ្លូវលេខ៣៤៧ ក្នុងសង្កាត់បឹងកក់ទី១ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
លោក ជា ពិសី ក្នុងឱកាសនេះ បានក្រើនរម្លឹកថា សម្រាប់កម្លាំងទាំងអស់ ត្រូវតែពង្រឹង និងគោរពវិន័យនៃរបៀបរបបធ្វើការងារ ទាំងការការពារសន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈឱ្យបានល្អប្រសើរ បន្ថែមទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋ បន្ទាប់ពីឧបត្ថម្ភអាវយឺត១ និងថវិកាមួយចំនួនទៀត ក្នុងម្នាក់ៗ។
ដោយឡែកលោក ចាន់ បណ្ឌិត តំណាងលោក ជា ពិសី ក្នុងជំនួបជាមួយតំណាងសហគមន៍ ក្នុងការស្វែងរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា ចំពោះការសម្រេចផែនការកសាងស្ថាបនាអភិវឌ្ឍផ្លូវលេខ៣៤៧ ក្នុងសង្កាត់បឹងកក់ទី១ នេះបាននាំយកអំណោយជាអង្ករ និងមីរបស់រដ្ឋបាលខណ្ឌឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្នុង១គ្រួសារៗ បន្ទាប់ពីប្រជាពលរដ្ឋឯកភាព និងយល់ព្រមទទួលយកថវិកាចំនួន៣០០,០០០រៀលផ្សេងទៀត ក្នុងការរុះរើផ្ទះដែលប៉ះពាល់ចេញ នៅល្ងាចថ្ងៃទី១៥ ឬត្រឹមព្រឹកថ្ងៃទី១៦ ខែសីហា ២០២២ ដើម្បីពន្លឿនឱ្យក្រុមការងារបានដាក់ប្រព័ន្ធលូបង្ហូរទឹកបន្តតាមបណ្ដោយផ្លូវលេខ៣៤៧ ក្នុងសង្កាត់បឹងកក់ទី១ ស្ថិតក្រោមការអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ ក៏ដូចជាផ្ដល់ជូនបងប្អូនប្រជាជនឆ្លងកាត់ជិត៣លាននាក់រស់នៅរាជធានីភ្នំពេញ និងជាផលប្រយោជន៍សាធារណៈ៕