(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានផ្ញើសារលិខិតជូន លោក អែនរីកគេ ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋហ្វីលីពីន ដោយសម្តែងនូវការអបអរសាទរដោយអស់ពីដួងចិត្ត និងសូមជូនពរចំពោះ ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមសម្តែងនូវអំណរសាទរដោយអស់ពីដួងចិត្ត និងសូមជូនពរបវរមហាប្រសើរចំពោះឯកឧត្តម និងប្រជាជនហ្វីលីពីន ក្នុងឱកាសដ៏រីករាយនៃខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន»

ប្រមុខការទូតកម្ពុជា បានលើកឡើងបន្ថែមថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ បានជំរុញឱ្យយើងត្រូវធ្វើការឆ្លុះបញ្ចាំង និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលជាច្រើនដែលទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការ និងការសហការយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ចាប់តាំងពីប្រទេសយើងទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៥៧។

លោកពិតជាមានសេចក្ដីរីករាយដែលប្រទេសកម្ពុជា-ហ្វីលីពីន ទទួលបានផលប្រយោជន៍ជាច្រើនពីមិត្តភាពដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលបានស្តែងចេញតាមរយៈការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានវិស័យនយោបាយ-សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង កម្ពុជា និងហ្វីលីពីន នឹងពង្រឹងទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ។

ខណៈកំពុងរង់ចាំជួប រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប្រមុខការទូតកម្ពុជា សូមជូនពរ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន សូមប្រកបដោយសុខភាពល្អ សុភមង្គល និងបន្តទទួលបានជោគជ័យ៕

ខាងក្រោមនេះជាសារលិខិតរបស់ប្រមុខការទូតកម្ពុជា៖