(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ដែលទើបផ្ទេរមកទទួលតំណែងថ្មី នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងការងាររបស់អាជ្ញាធរក្រោមឱវាទ ឱ្យបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក/លោកស្រី អភិបាលរង លោកនាយក លោកនាយករង លោកអធិការខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ទាំង៧ លោកប្រធានការិយាល័យទាំង១១ ក្នុងខណ្ឌទាំងអស់ ចូលរួម។
លោក សុខ សម្បត្តិ ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ច និងគណៈបញ្ជាឯកភាពសង្កាត់ទាំង៧ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបន្តយាមល្បាតការពារជាប្រចាំ ដែលមិនអាចធ្វេសប្រហែសបានឡើយ ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗទាន់ពេលវេលា បើទោះបីជាក្នុងមូលដ្ឋានបទល្មើសកើតមានតិច ដើម្បីធានាបានសន្តិសុខ និងសុវត្ថិភាព និងការប្រកបរបរអាជីវកម្មនានាល្អប្រសើរជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះលោក សុខ សម្បត្តិ បានជំរុញដល់អភិបាលរងខណ្ឌ ត្រូវត្រួតពិនិត្យវេនប្រចាំបញ្ជា ដែលបានបែងចែកវេនប្រចាំការរួចជាស្រេចហើយ ដាច់ខាតកុំឱ្យអវត្តមានញឹកញាប់សម្រាប់មន្ត្រី ហើយបង្កើនការពង្រឹងឆែកឆេរអាវុធ ជាតិផ្ទុះទៅតាមគោលដៅផ្សេងៗ ពិសេសនៅតំបន់ស្មុគស្មាញ ដែលជនល្មើសអាចធ្វើការឆ្លងកាត់។
លោក សុខ សម្បត្តិ បានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន គឺជាបញ្ហាសំខាន់បំផុត ដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះបើក្នុងមូលដ្ឋានពុំធានាបាន សន្ដិសុខសុវត្ថិភាពពេញលេញទេ ការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ មិនអាចដំណើរការបាន ហើយការអភិវឌ្ឍន៍ក៏មិនអាចទៅមុខរួចដែរ៕