(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារមួយជូន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន ដោយសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ (២០ សីហា ១៩៥៧ - ២០ សីហា ២០២២)។
តាមរយៈព្រះរាជសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា៖ «នៅក្នុងឱកាសដ៏រីករាយនៃខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន (២០ សីហា ១៩៥៧ - ២០ សីហា ២០២២) ខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងប្រជាជនហ្វីលីពីន សូមប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យ»។
ព្រះមហាក្សត្រ ទ្រង់បានកត់សម្គាល់ឃើញថា ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា-ហ្វីលីពីន មានទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលផ្ដល់នូវផលប្រយោជន៍ ស្របពេលដែលទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបន្តរីកចម្រើន ថ្វីត្បិតតែបានទទួលរងនូវផលប៉ះពាល់នៃបញ្ហាប្រឈមនានានៅក្នុងតំបន់ និងពិភពលោក។
ព្រះអង្គជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន នឹងបន្តរីកចម្រើនក្នុងបណ្តាឆ្នាំខាងមុខ៕
ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖