(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកមង្គលបូរី និងកម្លាំងនគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ជនសង្ស័យ ១០នាក់ និងដកហូតថ្នាំមួយចំនួនធំ ក្នុងនោះចាប់បាននៅស្រុកមង្គលបូរីបាន៤នាក់ និងនៅស្រុកមង្គលបូរីចំនួន៦នាក់។ សម្រាប់ ប្រតិបត្តិការនៅស្រុកមង្គលបូរី បានធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅឃុំគយម៉ែង។
អធិការស្រុកមង្គលបូរី លោក ស៊ី ឌី បានឲ្យភ្នាក់ងារ Fresh News នៅថ្ងៃទី៣១ ខែឧសភា នេះថា កម្លាំងនគរបាលប៉ុស្តិ៍ឫស្សីក្រោក បានធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន០៤នាក់ ទី១-ឈ្មោះ ស៊ីម មេសា ហៅ ថៃ អាយុ២០ឆ្នាំ ទី២-ឈ្មោះ សុង រទ្ធី ហៅធី អាយុ១៨ឆ្នាំ អ្នកទាំង២នាក់នេះនៅភូមិស្តីលើ ឃុំគយម៉ែង ទី៣-ឈ្មោះ យាន ប៉ូលីន ហៅសាល អាយុ១៨ឆ្នាំ នៅភូមិលួង ឃុំឫស្សីក្រោកនិងម្នាក់ទៀតមិនទាន់បង្ហាញអត្តសញ្ញាណ។
លោកបន្តថា ក្រោយពីឃាត់ខ្លួនមុខសញ្ញាជួញដូរម្នាក់ទៀតឈ្មោះ ពុធ អារ៉ាស៊ីម (ក្រោយរោងកុនមង្គលបូរី) ដកហូតបានថ្នាំញៀន ប្រភេទម្សៅក្រាមស២ថង់ ទូរសព្ទ័ដៃ០៣គ្រឿង លុយខ្មែរបួនម៉ឺនរៀល និងលុយដុល្លា១០ដុល្លារ។ ដោយឡែកនៅស្រុកម៉ាឡៃវិញ កម្លាំងនគរបាល បានបង្ក្រាបករណីជួញដូគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែឧសភា ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ និងថ្នាំញៀន ចំនួន៥៧គ្រាប់ នៅចំណុចភូមិសង្កែឃុំ បឹងបេង។
លោក អៀម រីម អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យភ្នាក់ងារ Fresh News ដឹងនៅថ្ងៃទី៣១ ខែឧសភា នេះថា កម្លាំងប៉ុស្តិ៍បឹងបេង សហការជាមួយ កម្លាំងការពារព្រំដែនលេខ៨១៥ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុគ្រឿងញៀន រឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន៥៧គ្រាប់ ឧបករណ៍សម្រាប់ជក់មួយចំនួន ទូរស័ព្ទ២គ្រឿង និងដាវសាំរ៉ៃ១ដើម។ សង្ស័យទី១-ឈ្មោះ សោ រុំ ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង អ្នកជួញដូរថ្នាំញៀន ទី២-ឈ្មោះ ឈុន លាង អាយុ៣៦ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង (ប្រើប្រាស់ថ្នាំញៀន) និងអនុវត្តន៍ដីកាចាប់ខ្លួនចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ទី៣-ឈ្មោះ មិញ សេរីវុធ ហៅញ៉ែម អាយុ២៦ឆ្នាំ ទី៤-ឈ្មោះ ផេង វណ្ណះ ហៅឡេក អាយុ៣៣ឆ្នាំ ទី៥-ឈ្មោះ មាស គា អាយុ១៧ឆ្នាំ និងទី៦-ឈ្មោះ សា ភឿន ហៅវម៉ាប់ អាយុ៣១ឆ្នាំ ទាំង៤នាក់នេះ (ប្រើប្រាស់ថ្នាំញៀន) រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាងខាងលើទាំងអស់នេះ បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការ តាមច្បាប់៕