(ភ្នំពេញ)៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងាររដ្ឋបាលទូទៅ នៅក្នុងខណ្ឌឱ្យបានប្រសើរឡើងថែមទៀត លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនថ្មី ដែលទើបនឹងទទួលតំណែង បានណែនាំឱ្យមន្ត្រីជំនាញនីមួយៗ សហការជាមួយសមត្ថកិច្ច បន្តយកចិត្តទុកដាក់ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ បរិស្ថានអនាម័យ ការបង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋាន, ពង្រឹងវិស័យទេសចរណ៍ ភោជនីយដ្ឋាន រង្គសាល ខារ៉ាអូខេ ក្លឹបកម្សាន្ត ការងារពាក់ព័ន្ធគ្រឿងញៀន ធ្វើយ៉ាងណាត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលប្រជាពលរដ្ឋ នៅក្នងមូលដ្ឋានខណ្ឌចំការមនទទួលបានសុខសុវត្ថិភាព រស់នៅដោយសុខក្ដុមរម្សនា ក្នុងសន្តិភាព។
ការណែនាំបែបនេះ របស់លោក កៀង ល័ក្ស បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោកប្រធានផ្សារទាំង០២, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទាំង០៥, លោកប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។
លោកអភិបាលខណ្ឌ បានបន្តថា ចំពោះការងារបម្រើសេវាសាធារណៈគ្រប់មូលដ្ឋានសង្កាត់ទាំងអស់ រួមទាំងការិយាល័យច្រកចេញ ចូលតែមួយ ត្រូវតែបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនគិតពីផលប្រយោជន៍ឡើយ ត្រូវទទួលយកសេវាតម្លៃតាមដែលបានកំណត់នៅក្នុងតារាតម្លៃស្រាប់។ ឆ្លើយតបទៅតាមសំណូមពរ ហើយដែលយើងអាចធ្វើបាន គឺត្រូវតែធ្វើភា្លម ហើយអ្វីដែលហួសពីសមត្ថភាព យើងត្រូវរាយការណ៍ជូនទៅថ្នាក់លើជាបន្ត។
បន្ថែមពីនេះលោកអភិបាលខណ្ឌទើបទទួលតំំណែងថ្មី បានបន្ថែមថា រាល់បញ្ហាបទល្មើស និងបញ្ហាអវិជ្ជមាននានា ដែលតែងតែកើតមាននាពេលកន្លងមក គឺមានការថយចុះជាបន្តបន្ទាប់។ មូលហេតុនៃការថយចុះបទល្មើសនេះ គឺដោយសារប្រជាពលរដ្ឋបានសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុសិ៍រដ្ឋបាល តាមរយៈការរាយការណ៍បានទាន់ពេលវេលានូវរាល់ហេតុការណ៍នានា ដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់កំពុងរស់នៅ។
ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាព លោកអភិបាលខណ្ឌបាន អំពាវនាវដល់មន្ត្រីទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ និងនគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ពីប្រជាពលរដ្ឋ នៅពេលមានហេតុការបទល្មើសកើតឡើង ដើម្បីសមត្ថកិច្ចបង្ក្រាបឱ្យបានទាន់ពេល។ ការដាក់កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានា ជាប្រចាំក៏ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពីសំណាក់ជនអាក្រក់នៅក្នុងមូលដ្ឋាន៕