(ភ្នំពេញ)៖ មនុស្ស៣នាក់ ដែលមានសេចក្តីរាយការន៍ថា ត្រូវបានបង្ខាំងទុកដើម្បីឱ្យបម្រើការងារនៅក្នុងក្រុមហ៊ុនមួយ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចរកឃើញហើយ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
មនុស្ស៣នាក់នោះ ត្រូវបានប្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារ សម្តេចក្រឡាហោម ស ខេង ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក ដោយរាយការណ៍ថា ត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយក្នុងខេត្តព្រះសីហនុ ក្នុងនោះ រួមមាន ទី១៖ ឈ្មោះ SATH CHAP ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក (ហួសទិដ្ឋការរយៈពេលជាង ០២ឆ្នាំ), ទី២៖ ឈ្មោះ DANIEL WAYNE SCOTT ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិអាមេរិក (បាត់លិខិតឆ្លងដែនរយៈពេល ០២ឆ្នាំ) និងទី៣៖ ឈ្មោះ PLASIDIA RETTA RIAMA ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (បាត់លិខិតឆ្លងដែនរយៈពេល២ឆ្នាំ)។
បើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ, ក្រោយពីស្រាវជ្រាវ មនុស្សទាំង៣នាក់នេះ ត្រូវបានរកឃើញស្នាក់នៅក្នុងបន្ទប់របស់ពួកគាត់ នៅក្នុងក្រុងព្រះសីហនុ ដោយមិនមានការចាក់សោរឃុំឃាំងពីខាងក្រៅ ឬមានអ្នកណាយាមនៅមុខបន្ទប់ទេឡើយ។ ទោះជាយ៉ាងណាពួកគេទាំង៣ ស្នើសុំសម្របសម្រួលដើម្បីបានត្រឡប់មករាជធានីភ្នំពេញ។
បើតាមការបំភ្លឺរបស់ឈ្មោះ SATH CHAP នៅចំពោះមុខសមត្ថកិច្ច បានឲ្យដឹងថា៖ នៅអំឡុងខែសីហា ឆ្នាំ២០២១ ខ្លួនបានចូលមកកម្ពុជាតាមច្រកអន្តរជាតិភ្នំពេញ ដើម្បីមកទេសចរណ៍។ រូបគេបានចូលធ្វើការផ្នែកកុំព្យូទ័រក្នុងក្រុមហ៊ុន៤កន្លែង។ បន្ទាប់ពីធ្វើការនៅក្រុមហ៊ុនទី៣ បានកន្លះខែ ខាងក្រុមហ៊ុន បានផ្ទេររូបគេទៅធ្វើការនៅក្រុមហ៊ុនជិនប៉ី៤ ដោយអ្នកយករូបទៅទទួលបានកម្រៃណែនាំទៅធ្វើការនៅទីនោះ៤,០០០ដុល្លារ និងរូបគេទទួលបានប្រាក់ខែ៩០០ដុល្លារ។ បន្ទាប់ពីធ្វើការក្រុមហ៊ុននេះបាន៣ខែ គាត់ចង់ឈប់ព្រោះក្រុមហ៊ុនឲ្យធ្វើការក្នុងកុងត្រារយៈពេល០១ឆ្នាំ។ នៅកន្លែងធ្វើការនីមួយៗ រូបគេទទួលបានប្រាក់ខែគ្រប់ចំនួន ហើយគេមិនបានវាយធ្វើបាប ឬចាប់បង្ខាំងរូបគេទេតែមិនឱ្យចេញក្រៅ ហើយពេលរូបគេឈឺគ្រុនក្រុមហ៊ុនមិនឲ្យច្បាប់។
ចំណែក ឈ្មោះ DANIEL WAYNE SCOTT បានរៀបរាប់ថា៖ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ខ្លួននិងប្រពន្ធឈ្មោះ PLASIDIA RETTA RIAMA បានចូលមកកម្ពុជា តាមច្រកអន្តរជាតិភ្នំពេញ និងបានធ្វើការងារស្ម័គ្រចិត្តជាគ្រូបង្រៀន២ឆ្នាំ នៅភ្នំពេញ។ នៅអំឡុងខែមករា ឆ្នាំ២០២២ ប្រពន្ធរបស់គេបានស្គាល់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ និងនារីជនជាតិភីលីពីនម្នាក់ ដោយពួកគេបាន ណែនាំការងារជាច្រើន ប៉ុន្តែដោយប្រាក់ខែតិចពេក ពួកគេក៏បានបន្តរកការងារនៅខេត្តព្រះសីហនុ។ ពេលនោះខ្លួនបានជួបឈ្មោះ Ah Li ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ Jackie Trio ភេទប្រុស ជនជាតិចិន។ អ្នកទាំងពីរនេះ បានឲ្យរូបគេចូលធ្វើការនៅក្រុមហ៊ុនជិនប៉ី៤ ផ្នែកកុំព្យូទ័រ។ ដោយរូបគេឃើញប្រពន្ធមិនចេះធ្វើការ និងមានជំងឺធុញថប ធ្វើការបានកន្លះខែ រូបគេក៏បានប្រាប់ទៅថៅកែជនជាតិចិនឲ្យប្រពន្ធរបស់រូបគេសម្រាក។ នៅខែដំបូងរូបគេបើកលុយបានចំនួន៥០០$ ចំណែកប្រពន្ធបាន ៣០០$។ នៅខែទី២ និងខែបន្តបន្ទាប់ រូបគេបានទទួលប្រាក់ខែគោលចំនួន ៨០០$ ហើយធ្វើការបានល្អ រកចំណូលឲ្យក្រុមហ៊ុនបានច្រើន ខាងក្រុមហ៊ុនបានបើកប្រាក់រង្វាន់ (ភាគរយ) ឱ្យរូបគេបន្ថែមលើប្រាក់ខែគោលចន្លោះពី ១,៤០០$ ដល់ ៥៩,០០០$។ ដោយសាររូបគេបារម្ភពីសុខភាពប្រពន្ធ រូបគេបានសុំថៅកែឈប់ធ្វើការ តែថៅកែប្រាប់ថា ចាំជួបជាមួយអ្នកដែលណែនាំឲ្យចូលធ្វើការឈ្មោះ Jackie Trio សិន លុះពេលដែលរូបគេបានជួបជាមួយឈ្មោះ Jackie Trio គាត់បានខឹងនិងប្រើហិង្សាលើខ្លួន តែមិនធ្វើឲ្យរបួសស្នាមអ្វីធំដុំទេ។ រូបគេបញ្ជាក់ថា ខ្លួនធ្វើការនៅក្រុមហ៊ុនខាងលើទទួលបានប្រាក់ខែគ្រប់ចំនួន ថែមទាំងទទួលបានប្រាក់រង្វាន់ (ភាគរយ) បន្ថែមលើប្រាក់ខែគោលចន្លោះពី ១,៤០០$ ដល់ ៥៩,០០០$ ទៀតផង ហើយមិនមានគេចាប់បង្ខាំង ធ្វើទារុណកម្មទេ រូបគេអាចដើរចេញចូលក្នុងបរិវេណក្រុមហ៊ុនបាន៕