(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការពង្វាងការធ្វើចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថាន។

រដ្ឋបាលរាជធានីភ្នំពេញនឹងបើកការដ្ឋានដាក់លូមេរំដោះទឹកជំន់លិចនៅលើកំណាត់ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ ៣៧១ ចូលទៅប្រឡាយស្ទឹងមានជ័យ ដោយដំណើរការការដ្ឋានចាប់ផ្តើមពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់ការដ្ឋាន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេលចំនួន ១០ថ្ងៃ បណ្តាលឱ្យមានការ រំខានដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទដែលធ្វើចរាចរឆ្លងកាត់ការដ្ឋាន សូមធ្វើការពង្វាងចរាចរទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ផុតរយៈពេលនេះ ការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរជាធម្មតាវិញ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថាប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋានខាងលើ នឹងចូលរួមសហការអនុវត្តដោយឈរលើស្មារតីយោគយល់៕