(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងលើកទឹកចិត្ដដល់គិលានុដ្ឋាកទាំងអស់ (អ្នកថែទាំងអ្នកជំងឺ) បន្ដពង្រឹងសមត្ថភាព និងទំនួលខុសត្រូវ ប្រកបដោយគុណធម៌ ដើម្បីបង្កើនគុណភាពក្នុងការមើលថែអ្នកជំងឺឱ្យមានភាពល្អប្រសើរ ចៀសផុតពីហានិភ័យ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «គិលានុដ្ឋាក ជាជីវិតរបស់អ្នកជំងឺ បើគិលានុដ្ឋាកគ្មានបទពិសោធន៍ មិនមានការទទួលខុសត្រូវ និងគុណធម៌ អ្នកជំងឺរបស់យើងនឹងជួបការលំបាក ឬបាត់បង់ និងរងគ្រោះ ដោយសារការថែទាំរបស់គិលានុដ្ឋាក ទោះគ្រូពេទ្យពូកែយ៉ាងណាក៏ដោយ បើគិលានុដ្ឋាកមិនមានការទទួលខុសត្រូវ និងមិនមានបទពិសោធន៍ អ្នកជំងឺរបស់យើង នឹងរងហានិភ័យខ្ពស់»។
ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាលើកទី១ របស់មន្ទីរពេទ្យព្រះអង្គឌួង ស្តីពីការថែទាំរបស់គិលានុបដ្ឋាកតាមបែបសម័យថ្មី «ភាពច្នៃប្រឌិតក្នុងការគ្រប់គ្រង ការថែទាំរបស់គិលានុបដ្ឋាក ភាពជាអ្នកដឹកនាំ និងសុវត្ថិភាពរបស់អ្នកជំងឺ» ដែលប្រព្រឹត្ដទៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។
លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា នេះជាពិធីដ៏មហោឡារឹកមួយដែលមន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយនឹងទីភ្នាក់ងារ KOICA ព្រមទាំង Soonchunghyang University Medical Center ក្នុងការរៀបចំ សិក្ខាសាលានេះជាលើកទី១ ដើម្បីជាការជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនចំណេះដឹង ស្តីពី ប្រព័ន្ធគ្រប់គ្រងនិងថែទាំរបស់គិលានុបដ្ឋាក-យិកា នៃប្រទេសទាំងពីរ ដល់គិលានុបដ្ឋាក-យិកា ដែលជាបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ក៏ដូចជាដល់បុគ្គលិកនៃមន្ទីរពេទ្យថ្នាក់ជាតិ ដែលមានវត្តមាននៅទីនេះ។
លោកសាស្ដ្រាចារ្យបន្ដថា «ដូច្នេះសិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍នៅថ្ងៃនេះ ជាយន្ដការមួយដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈគិលានុដ្ឋាក ដើម្បីជីវិតរបស់អ្នកជំងឺនៃប្រជាជនយើង»។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងបន្ថែមថា សព្វថ្ងៃមន្ទីរពេទ្យព្រះអង្គឌួងកំពុងមានការរីកចម្រើនគួរឲ្យកត់សំគាល់ ហើយកំណើនប្រជាជនដែលមកទទួលសេវាមានការកើនឡើងយ៉ាងខ្លាំង ដោយមន្ទីពេទ្យព្រះអង្គឌួង ជាមន្ទីពេទ្យថ្នាក់ជាតិមួយដែល ផ្តល់គុណភាពសេវាសុខភាព ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដល់ប្រជាពលរដ្ឋគ្រប់ ស្រទាប់ វណ្ណៈ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត បានជួយកាត់បន្ថយភាពក្រីក្រ និងបន្ថយលំហូរចេញទៅ ព្យាបាលនៅបរទេស ដែលស្របទៅនឹងគោលនយោបាយសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ពី បញ្ហាសុខភាព ប្រជាពលរដ្ឋជាចម្បង។
ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាពលរដ្ឋ មកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួងនេះហើយ ទើបធ្វើឱ្យមន្ទីរពេទ្យមានតម្រូវការចាំបាច់នូវអគារសម្រាប់ផ្គត់ផ្គង់ការសម្រាកព្យាបាល ដល់អ្នកជំងឺ និងការលើកកម្ពស់គុណភាពព្យាបាល និងថែទាំតាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង និងថែទាំរបស់គិលានុបដ្ឋាក-យិកា នៅពេលនេះ។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយអគារថ្មីមួយទៀត និងបច្ចេកទេស សម្រាប់ជំងឺ ត្រចៀក-ច្រមុះ-បំពង់ក ក្នុងមន្ទីរពេទ្យ ព្រះអង្គឌួង តាមរយៈទីភ្នាក់ងារ KOICA និង Soonchunghyang University Medical Center ដែលជាជំនួយទី២ បន្ទាប់ពីអគារមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពី ឆ្នាំ២០១៥កន្លងទៅនេះ ទោះជាមានបញ្ហាលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ អូសបន្លាយយ៉ាងណាក៏ដោយ។
ក្រៅពីការផ្តល់ជំនួយជាអគារសម្រាប់ជំងឺត្រចៀក-ច្រមុះ-បំពង់ក ភាគីកូរ៉េ នៅបានបន្តជួយលើកកម្ពស់ខាងបច្ចេកទេសព្យាបាលជំងឺត្រចៀក-ច្រមុះ បំពង់ក ដោយបានផ្តល់ការបណុះបណ្តាលជាប្រចាំ ដល់ក្រុមគ្រូពេទ្យ-គិលានុបដ្ឋាក-យិកា បានទៅសិក្សាបន្ថែមផ្នែកជំនាញឯកទេសនេះបន្តទៀត នៅសាធារណរដ្ឋកូរ៉េ។
ជាការឆ្លើយតប លោក Rho Hyunjun នាយកទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា បានថ្លែងថា កម្ពុជាតែងតែជាប្រទេសដៃគូអាទិភាពរបស់ទីភា្នក់ងារ KOICA ក្នុងកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍។ ក្នុងនាមជាទីភ្នាក់ងារអនុវត្ដជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ KOICA នឹងចូលរួមចំណែកជាបន្ដបន្ទាប់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា៕