(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ដកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញគ្រប់ប្រភេទ ពិសេសទី៣ ទី៤ និងទី៥ ដើម្បីឲ្យពួកគាត់បានមកចាក់គ្រប់គ្នាសំដៅពង្រឹងនូវភាពស៉ាំសហគមន៍។

ក្នុងបទសម្ភាសក្រោយបិទបញ្ចប់សិក្ខាសាលាស្ដីពីការរៀបចំផែនការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ ទី៤ និងទី៥ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ដែលរៀបចំឡើយដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានការចូលរួមពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត លោកស្រី ឱ វណ្ណឌីន នៅតែបន្ដចាត់ទុកថា ការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញជារឿងចាំបាច់បំផុត។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កត្ដាសំខាន់យើងស្នើសុំយ៉ាងទទូចសុំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានី-ខេត្ត ធ្វើយ៉ាងណាជំរុញអាជ្ញាធរមូលដ្ឋាននៅក្នុងការកៀរគរអ្នកដែលនៅសេសសល់មិនទាន់ចាក់ [ចាក់វ៉ាក់សាំងកូវីដ១៩] ដោយធ្វើផែនការឲ្យបានជាក់លាក់ជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត»។

បើតាមលោកស្រីប្រធានគណៈកម្មការចំពោះកិច្ច គោលដៅសំខាន់ៗដែលបានផ្ដោតការយកចិត្តទុកដាក់នាពេលកន្លងមក ដូចជា ទីផ្សារ សាលារៀន រោងចក្រជាដើមនោះ ភាគច្រើនបានចាក់ដូសទី៣ស្ទើរគ្រប់ចំនួនទៅហើយ ដោយនៅសេសសល់បន្ដិចបន្ទួចប៉ុណ្ណោះ ដូច្នេះគណៈកម្មការចំពោះកិច្ចនឹងជំរុញម្ដងទៀត ដើម្បីឲ្យក្រុមគោលដៅទាំងអស់នោះ ទទួលបាននូវដូសទី៤ និងដូសទី៥។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ទៀតថា ក្នុងរយៈការកន្លងមកនេះ បណ្ដាខេត្ដភាគច្រើនបានសម្រេចការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ បានលទ្ធផលយ៉ាងល្អប្រសើរ មានន័យថា ចាក់ជូនប្រជាពលរដ្ឋស្ទើរគ្រប់ចំនួនទៅហើយ ដូច្នេះហើយផែនការបន្ដសូមឲ្យបណ្ដាខេត្តទាំងអស់នោះ អនុវត្តនូវអ្វីដែលពួកគាត់ធ្លាប់បានធ្វើនាពេលកន្លងមក។ ដោយឡែក ខេត្តដែលមិនទាន់គ្រប់ ត្រូវបន្ដជំរុញបន្ថែមទៀត។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងដែរថា ក្នុងករណីនៅមានភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងដូសជំរុញទី៤ និងទី៥ គណៈកម្មការចំពោះកិច្ច នឹងស្នើទៅក្រុមគ្រូពេទ្យកងទ័ពដើម្បីចុះតាមបណ្ដាខេត្តជួយលើការងារនេះ ដូចអ្វីដែលធ្លាប់អនុវត្តកន្លងមក នៅរាជធានី-ខេត្ត ចំនួន១៣ ខណៈក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ក៏បានត្រៀមដើម្បីជួយលើការងារនេះដូចគ្នាផងដែរ។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាគ្រប់គ្រងបាននូវស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ប៉ុន្ដែការជំរុញសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញនេះ គឺជាកត្តាចាំបាច់បំផុតដើម្បីពង្រឹងភាពស៉ាំសហគមន៍កុំឲ្យមានការធ្លាក់ចុះ ហើយដើម្បីការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋ។ លោកស្រីបានកត់សម្គាល់ថា ក្នុងករណីភាពស៉ាំមានការធ្លាក់ចុះ ម្ល៉េះវីរុសកូវីដ១៩ នឹងមានលទ្ធភាពវាយលុកឡើងវិញ៕

សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន នៅខាងក្រោមនេះ៖