(ភ្នំពេញ)៖ ជនបង្ក២នាក់ ជាបងប្អូនបង្កើត បានបង្កអំពើហិង្សា ដោយវាយទៅលើជនរងគ្រោះ២នាក់ម្ដាយ-កូន បណ្ដាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ ប៉ុន្តែជាលទ្ធផលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ ចាប់វាយខ្នោះភ្លាមៗយកមកសួរនាំ នៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមច្បាប់ទៀតផង។ ជាមួយគ្នានេះ ជនបង្កទាំង២ ត្រូវបានសាច់ញាតិរបស់ខ្លួនបាននិងកំពុងរត់ការ សុំឲ្យមានការដោះលែងផងដែរ។
ករណីហិង្សាខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ លោក ហ៊ុយ ហៀន បានបញ្ជាក់ថា អំពើហិង្សា ដោយចេតនានេះបង្កឡើងដោយជនសង្ស័យ២នាក់ ជាបងប្អូនបង្កើតរួមមានទី១-ឈ្មោះ ទ្រីវ សុវណ្ណឌី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ និងទី២-ឈ្មោះ ទ្រីវ សាវី ហៅ វ៉ាក់ អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ២នាក់ ដែលពួកគេស្នាក់នៅ ចំណុចកើតហេតុខាងលើ។ រីឯជនរងគ្រោះ ឈ្មោះ វេន សាវី ហៅ ហេង ភេទប្រុស អាយុ៥៩ឆ្នាំ មានមុខរបរជាមន្ត្រីយោធា រងរបួសធ្ងន់សន្លប់ចំណែកស្ត្រីជាម្ដាយឈ្មោះ នួន ឡេង អាយុ៨៤ឆ្នាំ មានមុខរបរនៅផ្ទះរងរបួសពកថ្ងាស់ ២នាក់ម្ដាយកូន ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លោក ហ៊ុយ ហៀន បានបញ្ជាក់ទៀតថា យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនត្រូវសង្ស័យទាំង២នាក់ គឺមុនពេល កើតហេតុជនរងគ្រោះ បានទាស់ពាក្យសម្ដីជាមួយភាគីជនបង្ក ខណៈនោះស្រាប់តែជនបង្កទាំង២នាក់បងប្អូន បានស្ដោះទឹកមាត់ដាក់ ភាគីរងគ្រោះនិងវាយជាន់ពីលើបណ្ដាលឲ្យ ជនរងគ្រោះរងរបួសសន្លប់បាត់មាត់តែម្ដង។ ដោយឡែកស្ត្រីរងគ្រោះជាម្ដាយបានឃើញ ហេតុការណ៍ ដូច្នេះក៏ចូលទៅឃាត់ស្រាប់តែត្រូវភាគីបង្ក វាយបណ្ដាលឲ្យរងរបួសពកថ្ងាស ទាំង២នាក់ម្ដាយកូនតែម្ដង។
នាយនគរបាលប៉ុស្ដិ៍ ដដែលបានបញ្ជាក់បន្ថែមថា ក្រោយទទួលបានសេចក្ដីរាយការណ៍ ពីករណីហិង្សានេះ កម្លាំងនគរបាលប៉ុស្ដិ៍ និងខណ្ឌបានអន្តរាគមន៍ភ្លាមៗ ដោយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ។ ចំណែកបុរសជាជនសង្ស័យ ២នាក់បងប្អូនបង្កើត ត្រូវបានកម្លាំងនគរបាលក្របួចវាយខ្នោះភ្លាមៗផងដែរ ដើម្បីយកមកធ្វើការសាកសួរទាក់ទងនិងករណីប្រើហិង្សា ដោយចេតនាលើ២នាក់ ម្ដាយនិងកូនបណ្ដាលឲ្យរងរបួសធ្ងន់។
សូមបញ្ជាក់ថា បច្ចុប្បន្នបុរសជាជនសង្ស័យ កំពុងសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្ត នីតិវិធីទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕