(កំពត)៖ បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងសមាជិក សមាជិកាគណបក្សភ្លើងទៀន និងបក្សក្រៅរាជរដ្ឋាភិបាលមួយចំនួនទៀត សរុបជាង ៥០០នាក់ បានសម្រេចផ្លាស់ជីវភាពនយោបាយចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់បានយល់ពីគោលនយោបាយបក្សប្រជាជនកម្ពុជា និងឈប់ជឿការញុះញង់អតីតបក្សនយោបាយរបស់ខ្លួន។
លោក យូ សិរីវុឌ្ឍ ក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ភឿន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចុះទៅជួបស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិក សមាជិកាបក្សក្រៅរដ្ឋាភិបាលទាំងអស់នោះ។
ក្នុងពិធីស្វាគមន៍ និងសំណេះសំណាលនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក យូ សិរីវុឌ្ឍ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិក សមាជិកា បក្សក្រៅរដ្ឋាភិបាលទាំងជាង ៥០០នាក់នោះ។ នៅចំពោះអ្នកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទាំងអស់នោះ លោក យូ សិរីវុឌ្ឍ បានថ្លែងថា ការសម្រេចចិត្តរបស់ពួកគេ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត។ លោក បានចាត់ទុកការសម្រេចចិត្តនោះ គឺជាការភ្ញាក់រលឹកដើរចេញពីមនោគមន៍វិជ្ជានយោបាយមួយដែលមិនត្រឹមត្រូវ ហើយឆ្ពោះមករួមរស់ជាមួយបក្សនយោបាយ ដែលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវក្នុងការកសាងជាតិ។
លោក យូ សិរីវុឌ្ឍ បានឆ្លៀតគូសរំលេចថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺមានគោលនយោបាយច្បាស់លាស់ ហើយមានឆន្ទៈមុះមុតបំផុតចំពោះជាតិ និងប្រជាជន។ បក្សប្រជាជនកម្ពុជាតម្កល់ខ្ពស់បំផុតនូវស្មារតី ក្នុងការរក្សាសុខសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ចជាតិ ជំរុញការកសាងអភិវឌ្ឍប្រទេសឱ្យរុងរឿង ឱ្យរីកចម្រើន និងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
លោក យូ សិរីវុឌ្ឍ បានលើកបង្ហាញនូវសមិទ្ធផលជាតិកម្ពុជាជាច្រើន ដែលលេចចេញជារូបរាងក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោយពីរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
លោក យូ សិរីវុឌ្ឍ បានលើកឡើងថា ឈរលើសច្ចភាព និងកិច្ចប្រឹងប្រែងមិនខ្លាចនឿយហត់ មិនចេះនឿយណាយរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាដទៃទៀតនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងផ្តល់ទំនុកចិត្តទម្លាក់សន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស៦អាណត្តិកន្លងទៅ។ ក្នុងនោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា កន្លងទៅនេះ ក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋបានស្រឡាញ់ពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ស្រឡាញ់ពេញចិត្តសម្តេចតេជោ ហើយបានបោះឆ្នោតគាំទ្រឱ្យកាន់តែមេឃុំ និងចៅសង្កាត់ស្ទើរទូទាំងប្រទេស។
បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិក សមាជិកា មកពីបក្សភ្លើងទៀន និងបក្សក្រៅរដ្ឋាភិបាល ដែលបានផ្លាស់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះ បានបង្ហាញនូវក្តីរីករាយចំពោះកិច្ចស្វាគមន៍ពីសំណាក់លោក យូ សិរីវុឌ្ឍ និងលោក ភឿន ផល្លា តំណាងឱ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ពួកគេបានគូសបញ្ជាក់ថា ការដែលពួកគេបានចូលរួមរស់ជាមួយបក្សភ្លៀងទៀន និងបក្សក្រៅរដ្ឋាភិបាលមួយចំនួនទៀតនោះ ដោយសារតែការគិតខុស និងលង់ជឿចំពោះការសាបព្រោះមនោគមន៍វិជ្ជានយោបាយ និងការញុះញង់នានា។
អ្នកចុះចូលនឹងបក្សប្រជាជនកម្ពុជាទាំងជាង ៥០០នាក់នៅក្នុងស្រុកឈូកនេះ បានប្តេជ្ញាចិត្តដើរតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមម្លប់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសន្យាជួយធ្វើសកម្មភាពនយោបាយពន្យល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនឱ្យជ្រូតជ្រាបឈប់ចាញ់មនោគមន៍វិជ្ជានយោបាយរបស់ប្រឆាំង ហើយគាំទ្របក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសនៅអាណត្តិទី៧។
អតីតអ្នកគាំទ្របក្សប្រឆាំងទាំងនេះ បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាល និងស្វាគមន៍នោះ លោក យូ សិរីវុឌ្ឍ ក៏បានផ្តល់ឱកាសឱ្យសមាជិកថ្មីទាំងនោះ បានលើកឡើងនូវកង្វល់នានារបស់ពួកគេ ហើយបានសន្យាខិតខំជួយដោះស្រាយជូនពួកគេទៅតាមសំណើ៕