ដោយ: ឆាយ សុផល
(ភ្នំពេញ)៖ ស្ថិតក្នុងវ័យ៤ឆ្នាំ កុមារី នី បានស្លាប់ជាមួយម្តាយអាយុ២៦ឆ្នាំនៅនឹងកន្លែង ខណៈដែលឪពុករបស់នាងបានរស់រានមានជីវិត។
អ្នកទាំងបីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤កាលពីថ្ងៃទី៤ ខែឧសភា នៅភូមិស្រះសង្គម ឃុំព្រែក ក្នុងខេត្តកំពង់ស្ពឺ ដោយម៉ូតូរបស់គេត្រូវបានរថយន្តដឹកទំនិញបុក ហើយក្បាលពួកគេបានបោកនឹងរថយន្ត និងដួលទៅលើផ្ទៃថ្នល់។ ទាំងកុមារី នី និងម្តាយមិនបានពាក់មួកសុវត្ថិភាពទេ លើកលែងតែឪពុក។តើមានកុមារតូចៗរបស់យើងប៉ុន្មាននាក់ ដែលបានស្លាប់ដោយរបៀបនេះ? តើនៅមានរយៈពេលប៉ុន្មានទៀត ដែលឪពុកម្តាយទទួលរងការឈឺចាប់នៃការបាត់បង់បុត្រធីតារបស់ខ្លួន? ហេតុអ្វីបានជាសង្គមត្រូវប្រឈមនឹងភាពសោកសៅ ដោយសារតែការធ្វេសប្រហែសបែបនេះ? ជារៀងរាល់ថ្ងៃ កុមាររាប់ម៉ឺននាក់ ដោយរួមទាំងក្មេងជំទង់ផង បានចាកចេញពីផ្ទះទៅសាលារៀន ទៅផ្សារ ក្បែរៗផ្ទះ និងកន្លែងផ្សេងៗទៀត ដោយជិះទោចក្រយានយាន្ត [ម៉ូតូ] នៅតាមផ្លូវដែលពោរពេញដោយចរាចរណ៍មមាញឹក និងប្រកបដោយគ្រោះថ្នាក់។ យើងបានដឹងហើយថា
ពួកគេភាគច្រើនគឺជាអ្នកដំណើរតាមម៉ូតូ ប៉ុន្តែសួរថា តើយើងមានដឹងទេថា ពួកគេស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បែបណា នៅពេលកំពុងជិះម៉ូតូនោះ? អ្នកប្រើប្រាស់ដងផ្លូវ ដែលជាអ្នកជិះម៉ូតូមិនគួរណាត្រូវបានស្លាប់នៅលើដងផ្លូវឡើយ ហើយការស្លាប់នេះក៏មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនដោយសារតែសំណាងអាក្រក់នោះដែរ ពោល គឺពួកគេពិតជាអាចត្រូវការពារបាន។ នេះគឺជាជម្រើសរបស់យើងដែលត្រូវជួយពួកគេ។ តើជម្រើសនោះដោយរបៀបណាទៅ? នោះគឺជាការធានាឲ្យមានការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ក្នុងនោះក៏មានកុមារផងដែរ។ ជំហានដំបូង គឺអ្នករួមដំណើរតាមម៉ូតូ ដោយរួមទាំងអ្នកបើកបរ ត្រូវតែតម្រូវឲ្យពាក់មួកសុវត្ថិភាព មិនដូច្នោះទេត្រូវទទួលការពិន័យពីនគរបានចរាចរណ៍។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកនូវជំហានដ៏មានសារសំខាន់ចំពោះមុខ នៅពេលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានចូលជាធរមានកាលពីខែមករាឆ្នាំ២០១៥កន្លងមក។ មានប្រសាសន៍នាពេលថ្មីៗនេះ ទៅកាន់នគរបាលនិងមន្រ្តីរាជការជាង១០០នាក់ នៅឯពិធីប្រកាសបង្កើតគណៈកម្មាធិការចរាចរណ៍ថ្នាក់ជាតិនៅឯក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសន្យាថា នឹងដាក់ពិន័យដល់អ្នករំលោភបំពានចរាចរណ៍ ទោះបីពួកគេជាមន្រ្តីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក៏ដោយ។ សម្តេចបានបញ្ជាក់ថា ពេលវេលានៃការស្វែងរកអន្តរាគមន៍ពីមន្រ្តីជាន់ខ្ពស់ចំពោះការរំលោភបំពានចរាចរណ៍ត្រូវតែបញ្ចប់។ ទោះបីជាយ៉ាងនេះក្តី នៅពេលដែលបញ្ហាបានកើតឡើងចំពោះកុមាររបស់យើង បែរជាវិធានការសុវត្ថិភាពមិនត្រូវបានយកមកអនុវត្តទៅវិញ។ បើទោះជាមាត្រា៨នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថា កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ នៅពេលធ្វើដំណើរតាមម៉ូតូក៏ដោយ ក៏ប្រយោគនេះមិនត្រូវបាននគរបាលចរាចរណ៍យកទៅអនុវត្តឡើយ។ នេះក៏ដោយសារតែការពិន័យលើការមិនពាក់មួកសុវត្ថិភាពដែលចែងនៅក្នុង «អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» មិនបានរាប់បញ្ជូលកុមារ ថាជាអ្នកបំពាន។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ប្រចាំកម្ពុជា ដែលជាអង្គការអន្តរជាតិផ្តោតលើការបញ្ចប់វិបត្តិនៅលើផ្លូវដែលធ្វើឲ្យអន្តរាយដល់ប្រទេសកំពុងអភិវឌ្ឍ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការគារអនុវត្តច្បាប់នេះ ពិសេសការមិនគិតពីកុមារជាអ្នករួមដំណើរ។ យបានមើលឃើញបទពិសោធន៍នៅបណ្តាប្រទេសជិតខាង នោះការពង្រឹងការអនុវត្តច្បាប់ត្រូវតែអនុវត្តឲ្យមានការពាក់មួកសុវត្ថិភាពជាសកល។ ការដែលមិនបានបង្ខំឲ្យមានការពាក់មួកសុវត្ថិភាពសម្រាប់កុមារនេះហើយ ទើបអាចធ្វើឲ្យកុមារជាច្រើនកាន់តែរងគ្រោះ។
បើតាមរបាយការណ៍ឆ្នាំ២០១៤របស់ប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានឲ្យដឹងថា ៧៣%នៃអ្នកគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគឺជាអ្នកជិះម៉ូតូ ដែលរួមមានអ្នកបើកបរ និងអ្នករួមដំណើរទាំងក្មេងនិងមនុស្សចាស់។ របាយការណ៍បង្ហាញថា ៦៩% នៃអ្នកគ្រោះថ្នាក់នោះគឺរងការប៉ះទង្គិចក្បាល ហើយភាគច្រើនលើសលុបមិនបានពាក់មួកសុវត្ថិភាពនៅពេលគ្រោះថ្នាក់កើតឡើង។
នៅក្នុងការធ្វើអង្កេតមួយរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីកាលពីពេលថ្មីៗនេះដែរ ក្នុងចំណោមមនុស្ស៤០០នាក់ គឺមាន៦២%បានឆ្លើយថា ពួកគេបើកបរម៉ូតូដោយមានក្មេងបានរួមដំណើរជាមួយ។ នៅគ្រានោះដែរ ៧៤% បានគាំទ្រគំនិតឲ្យមានការអនុវត្តច្បាប់សម្រាប់កុមារ ដែលអ្នកបើកបរត្រូវតែទទួលពិន័យ ប្រសិនបើអ្នករួមដំណើរជាកុមារមិនបានពាក់មួកសុវត្ថិភាព។
បើយោងតាមការអង្កេតខាងលើ អ្នកឆ្លើយចំនួន១០០% បានគាំទ្រគំនិតដែលថា សាលារៀនត្រូវតម្រូវឲ្យទាំងសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូពាក់មួកសុវត្ថិភាព ដែលជា «ផ្នែកនៃឯកសណ្នាន»។ យើងគិតស្រមៃទៅមើលថា តើយើងទទួលរងភាពសោកសៅយ៉ាងណា នៅពេលដែលបុត្រធីតារបស់យើងមិនបានពាក់មួកសុវត្ថិភាព ហើយពួកគេបានពើបប្រទះនឹងការបុកទង្គិចក្បាលនៅលើដងផ្លូវនោះ?
ជាការពិត តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ នោះយើងនឹងអាចមានថ្ងៃដែលយើងឈប់សួរខ្លួនឯងនូវសំណួរនេះ។ ជាការចូលរួមចំណែក អ្នកសារព័ត៌មានត្រូវប្រើតួនាទីដ៏ចម្បងរបស់ខ្លួន ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនស្តីពីការពាក់មួកសុវត្ថិភាព។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលត្រូវតែបង្ខំឲ្យអនុវត្តមាត្រាច្បាប់ស្តីពីការពាក់មួកសុវត្ថិភាពឲ្យបានទូលំទូលាយនិងម៉ឺងម៉ាត់ ខណៈដែលអង្គការសង្គមស៊ីវិលក៏ត្រូវបង្កើនការជួយផ្សព្វផ្សាយបន្ថែមនៅតាមសហគមន៍ពីមាត្រាច្បាប់ដែលមានស្រាប់ ដើម្បីធានាឲ្យមានការពាក់មួកសុវត្ថិភាព។
បន្ថែមពីលើនេះ វិស័យឯកជនក៏មានតួនាទីដ៏សំខាន់ដែរ។ បណ្តាក្រុមហ៊ុនដែលមានការទទួលខុសត្រូវនៅក្នុងសង្គមអាចរួមគ្នាបង្កើតមូលនិធិមួកសុវត្ថិភាពសម្រាប់កុមារនៅក្នុងគ្រួសារដែលមានជីវភាពមិនធូរធារ។ ឬក៏អាចនិយាយថា រោងចក្រផលិត និងអ្នកធ្វើអាជីវកម្មទោចក្រយានយន្តត្រូវផ្តល់មួកសុវត្ថិភាពឲ្យកុមារដោយមិនគិតថ្លៃនៅគ្រប់ហាងលក់ម៉ូតូទាំងអស់។
លោកឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទូចឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសសាលារៀន ដើម្បីបង្កើនការយល់ដឹងពីមួកសុវត្ថិភាពក្នុងចំណោមកុមារ។
លោកឧត្តមសេនីយ៍ទោ ទី ឡុង បានពន្យល់ថា នៅប្រទេសជិតខាង គ្រូបង្រៀននៅតាមសាលារៀនបានដកពន្ទុពីសិស្សណាដែលមិនពាក់មួកសុវត្ថិភាព ទោះជាជិះកង់ឬក៏ម៉ូតូក៏ដោយ គឺដើម្បីជំរុញលើកទឹកចិត្តកុមារឲ្យពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៏បានបន្តថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ដោយប៉ះទង្គិចក្បាលមានការកើនឡើងនៅក្នុងចំណោមកុមារអាយុពី៣ទៅ១៤ឆ្នាំ ហេតុនេះ យើងទទូចឲ្យឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ព្រមទាំងកុមារខ្លួនឯងផងត្រូវប្រើមួកសុវត្ថិភាពជាប្រចាំនៅពេលធ្វើដំណើរ។
លោក រស់ សាលីន ប្រធានខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ក្រសួងបានផ្តល់ការគាំទ្រនូវគោលបំណងខាងលើ ដោយផ្អែកលើមូលដ្ឋានច្បាប់។
លោកបានបញ្ជាក់ថា «ក្រសួងបានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ ដោយមានយុទ្ធសាស្រ្តលើកទឹកចិត្តសិស្សនុសិស្សទាំងនៅវិទ្យាល័យនិងអនុវិទ្យាល័យ ដោយរួមទាំងបឋមសិក្សាផង ឲ្យប្រើប្រាស់មួកសុវត្ថិភាព ខណៈដែលក្រសួងអំពាវនាវសប្បុរសជនឲ្យជួយឧបត្ថម្ភមួកសុវត្ថិភាពដល់កុមារ ទាំងអ្នកជិះកង់និងជិះម៉ូតូ»។
ចំណែកឯលោកឧត្តមសេនីយ៍ទោ ទី ឡុង វិញក៏បានបន្ទរដែរថា «នៅពេលកុមារកាន់តែច្រើនពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ នោះយើងពិតជាអាចសង្រ្គោះពួកគេពីការស្លាប់ ឬការរងរបួសក្បាលយូរអង្វែងបាន។ ហេតុនេះ យើងត្រូវតែរួមគ្នាការពារកុមាររបស់យើងនៅលើដងផ្លូវ»។ ត្រូវរួមគ្នាអនុវត្តច្បាប់ ហើយយើងត្រូវជួយសង្រ្គោះជីវិតកុមាររបស់យើងនៅលើដងផ្លូវ គឺសាមញ្ញបំផុត «ឲ្យពួកគេពាក់មួកសុវត្ថិភាព!»៕