(ភ្នំពេញ)៖ សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ជ្រលងសម្ពាធទាបឥណ្ឌា និងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលកើតសារជាថ្មីអូសបន្លាយនៅលើភាគខាងជើងកម្ពុជា ស្ថិតក្នុងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្មមួយស្ថិតនៅក្នុងសមុទ្រតុងកឹង គួបផ្សំនឹងការបង្កើនល្បឿនបក់នៃរបបខ្យល់មូសុងនិរតី ផងនោះ នឹងធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានស្ថានភាព បណ្តាខេត្តនៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀង ធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតកើនឡើងពីមធ្យមទៅច្រើន។
ក្រសួងបន្តថា «ស្ថានភាពបែបនេះ នឹងអាចបង្កឲ្យ តំបន់ផ្ទៃរងទឹកភ្លៀង ទីទំនាបជាប់ផ្លួវទឹកនៅតាមបណ្តាខេត្តក្នុងភូមិសាស្ត្រទាំងនោះ ដែលទទួលបាននូវបរិមាណទឹកភ្លៀងច្រើនកន្លងរួចមកហើយ មានជាអាទិ៍ ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង»។
បណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើនៅតាមតំបន់ខ្លះ។ ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែល អាចធ្វើឲ្យទឹកទន្លេ មានការហក់ឡើងសារជាថ្មី៕