(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិត ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសេចក្ដីថ្លែងការណ៍របស់សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ ទូទាំងប្រទេស ចូលរួមធ្វើកូដកម្ម ដើម្បីការពារ លោក កឹម សុខា ប្រធាន ស្ដីទីនៃគណបក្សសង្គ្រោះជាតិ។
លិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ទង្វើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនមែនជាសហជីពឯករាជ្យ ដែលបម្រើឲ្យផលប្រយោជន៍ របស់បុគ្គលិកអប់រំឡើយ ហើយអង្គភាពមួយនេះ គឺគ្រាន់តែជាកូនជើងរបស់គណបក្សសង្រ្គោះជាតិ តែប៉ុណ្ណោះ។ ក្រសួងអប់រំបានបន្តថា ដោយសារតែទង្វើ បម្រើ គណបក្សនយោបាយ ទាំងអស់នេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡាមិនទទួលស្គាល់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថាជាសមាជិកឯករាជ្យដែលបម្រើ ឲ្យផលប្រយោជន៍របស់បុគ្គលិក អប់រំឡើយ។
ទង្វើនេះផ្ទុយផងដែរទៅនឹង កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការលើកកម្ពស់តម្លៃគ្រូបង្រៀននៅក្នុងសង្គម ដូចបានកំណត់នៅ ក្នុងគោលនយោបាយ ស្ដីពីគ្រូបង្រៀននិងផែនការសកម្មភាពអនុវត្តគោលនយោបាយ ស្ដីពីគ្រូបង្រៀន។ អំពើនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកសិក្សា ក្នុងការទទួលការអប់រំនិងធ្វើឲ្យប៉ះពាល់ ដល់គ្រឹះស្ថានសិក្សា ក្នុងការរក្សាអព្យាក្រឹតភាព របស់ខ្លួនផងដែរ។
ក្រសួងអប់រំយុវជននិងកីឡា សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ របស់លោកគ្រូអ្នកគ្រូ ទាំងអស់ក្នុងការអនុវត្តនូវកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗទៀត ជៀសវាង ដាច់ខាតក្នុងការយកម៉ោងបំពេញការងាររបស់ខ្លួនទៅ ប្រព្រឹត្តឬសំដែងនូវការគាំទ្រណាមួយ ដែលធ្វើឲ្យប៉ះពាល់ប្រយោជន៍របស់អ្នក សិក្សានិងធ្វើឲ្យខុសទៅនឹងវិន័យការងារ ហើយដែលត្រូវប្រឈម នឹងការទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើយោងតាមសេចក្តី ថ្លែងការណ៍ របស់ក្រសួងអប់រំយុវជននិងកីឡា ចុះផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
ជាការឆ្លើយតប សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍មួយនៅមុននេះបន្តិច ដោយសម្តែងការសោកស្តាយ ចំពោះប្រតិកម្ម របស់ក្រសួងអប់រំយុវជននិងកីឡា តាមរយៈការថ្កោលទោស សមាគមគ្រួបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
ក្នុងសេចក្តីថ្លែងការណ៍ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអះអាងថាខ្លួនគឺជាអង្គការឯករាជ្យ ដែលការពារនិងលើកកម្ពស់ សិទ្ធិសេរីភាពរបស់គ្រូបង្រៀន និងបម្រើផលប្រយោជន៍របស់គ្រូបង្រៀន ក៏ដូចជាសង្គមជាតិទាំងមូលប្រឆាំងដាច់ខាតរាល់អំពើ អយុត្តិធម៌នានានៅក្នុងសង្គម។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានបញ្ជាក់ថា ការអំពាវនាវនេះ គឺជាការប្រើប្រាស់នូវសិទ្ធិស្រប តាមលក្ខន្តិកៈរបស់ខ្លួន ក៏ដូចជាច្បាប់រដ្ឋធម្មនុញ្ញា ដើម្បីប្រឆាំងនិងភាពអយុត្តិធម៌ គឺមិនមែនបម្រើ ឲ្យនយោបាយគណបក្សប្រឆាំង រឺការពារជនទុច្ចរិតនោះឡើយ។
សូមបញ្ជាក់ថា លោក កឹម សុខា បានបដិសេធមិនចូលបំភ្លឺតាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ចំនួន២លើកពាក់ព័ន្ធ នឹងបទសញ្ចារកម្មជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូលខ្លួននេះ តុលាការបានសម្រេចចោទលោក កឹម សុខា តាមមាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ បានចែងថា «រាល់បុគ្គលណាដែលត្រូវបាន កោះហៅឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកា កោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»៕