(តាកែវ)៖ លោក ស៊ិន ដារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការ គ.ជ.ប និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា រយៈពេលខ្លីសម្រាប់បម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ បានលើក ឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺជារឿងសំខាន់ ព្រោះបញ្ជីបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហេតុនេះ គ.ជ.ប បានធ្វើការយ៉ាងហ្មត់ចត់ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ មុននឹងធ្វើការប្រឡងជ្រើសរើសសមាសភាពមន្ត្រីកិច្ចសន្យារយៈពេលខ្លីសម្រាប់ឱ្យបម្រើការងារនៅលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត (លធ.ខប)។
ការលើកឡើងបែបនេះ របស់លោក ស៊ិន ដារ៉ា បានធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យនិងរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារនៅលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តតាកែវ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។
លោក ស៊ិន ដារ៉ា បានបន្តថា ដើម្បីឱ្យការប្រឡងប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព វិញ្ញាសាប្រឡងគឺចេញដោយ គ.ជ.ប ហើយបិទឃ្លុំជិតតែម្តង។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ត្រូវការមន្ត្រីសម្រាប់បម្រើការងាររយៈពេលខ្លី នៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ហៅកាត់ថា លធ.ខប ទាំង ២៥ សរុបចំនួន៥២៧នាក់ សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ។
លោកអគ្គនាយករង បានបន្តថា ជាគោលការណ៍ទូទៅការប្រឡង មានការប្រឡងសរសេរ-QCM QCM ក្នុងប្រព័ន្ធកុំព្យូទ័រ ធ្វើតេស្តកុំព្យូទ័រ និង សម្ភាសន៍។ យោងតាមសេចក្តីជូនដំណឹងលេខ ០៥៦ គ.ជ.ប .ស.ជ.ណ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្រាប់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ២៥រូប សម្រាប់មុខតំណែងដូចខាងក្រោមនេះ៖
ទី១៖ ជំនួយការរដ្ឋបាល និងលេខាធិការ ១រូប
ទី២៖ ជំនួយការគណនេយ្យ ១រូប
ទី៣៖ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ១រូប
ទី៤៖ ជំនួយការប្រតិការ ១រូប
ទី៥៖ លេខាធិការ ១រូប
និងទី៦៖ គ្រូបង្ហាត់ ២០រូប៕