(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប), ក្រុមការងារជំនាញ បានអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ ចល័តម្ហូបអាហារ ចុះត្រួតពិនិត្យ ផលិតផលទំនិញ ជាគ្រឿងសមុទ្រ តាមបណ្តោយផ្លូវលេខ៥៩៨ ត្រឡោកបែក ស្ថិតនៅក្នុងខណ្ឌសែនសុខ បានចំនួន១០ទីតាំង ដោយដកយកគំរូប ចំនួន ៤៥គំរូ រួមមាន៖ មឹកក្លាសេ បង្គាក្លាសេ ក្តាម បង្កង ក្តាមប្រៃ ត្រីសមុទ្រ ត្រីបបែលក្លាសេ ព្រុយត្រីសមុទ្រក្លាសេ ….។ ល ។ មកពិសោធន៍ភ្លាមៗ នៅរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ដើម្បីសារធាតុគីមីហាមឃាត់។
លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យដឹងថា ជាលទ្ធផលក្នុងចំណោមគំរូ៤៥គំរូ ខាងលើពុំមានគ្រឿងសមុទ្រណាមួយ មានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ។ ប៉ុន្តែមន្រ្តីជំនាញរបស់លោក បានរកឃើញបង្គារ មានចាក់ចាហួយ ចំនួន១៥គីឡូក្រាម ត្រូវបានដកហូត ហើយធ្វើកិច្ចសន្យាបញ្ឍប់ការ ទទួលទិញយកមកលក់ និងដាក់វិធានពិន័យ អន្តរការណ៍ទៅតាមច្បាប់។
លោកប្រធានសាខា បានឲ្យដឹងថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្តជាប្រចាំ ត្រួតពិនិត្យផលិតផលទំនិញ អង្កេត ស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែងលក់ទំនិញ នៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញ សេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕