(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមរំលែកមរណទុក្ខ និងបង្ហាញការសោកស្តាយ ចំពោះឧបទ្ទវហេតុនៃការផ្ទុះនៅផ្សារ Surmalu ប្រទេសអាមេនី ជាប្រទេសមួយស្ថិតនៅតំបន់អាស៊ី នេះ ដែលបណ្តាលឲ្យស្លាប់មនុស្ស ៥នាក់ និងរបួស ៤០នាក់។
ឆន្ទៈនេះបង្ហាញឡើងតាមរយៈ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសទទួលជួប លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំកម្ពុជា នៅទីស្តីការក្រសួងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោកឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសនោះផងដែរ តាមរយៈឯកឧត្តម Vahram Kazhoyan ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក៏បានចូលរួមរំលែកមរណទុក្ខ និងបង្ហាញក្តីសោកស្តាយ ចំពោះឧបទ្ទវហេតុនៃការផ្ទុះនៅផ្សារ Surmalu ក្នុងរដ្ឋធានី Yerevan កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់»។
សូមជម្រាបថា បើតាមក្រសួងសេវាសង្គ្រោះបន្ទាន់ប្រទេសអាមេនី បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួស ៤០នាក់។
បើតាមក្រសួងការបរទេសកម្ពុជា នៅក្នុងកិច្ចជំនួប ភាគីទាំងពីរបានពិភាក្សាអំពីសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ ព្រមទាំងបានផ្លាស់ប្តូរយោបល់លើចំណុចអាទិភាពដែលអាចសម្រេចបានក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕