(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែលកំពុងហក់ឡើងខ្លាំង ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ នៅពេលជួបហានិភ័យឱ្យបានទាន់ពេលវេលា។
នាឱកាសនេះ លោក ងួន រតនៈ បានថ្លែងថា ថ្មីៗនេះទឹកនៅតាមដងស្ទឹងសែន គឺមានការហក់ឡើងខ្ពស់រហូតដល់មាន ការប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះពាល់ផលដំណាំហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងមួយចំនួនរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះអភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យប្រុងប្រយ័ត្នខ្ពស់នៃការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេសត្រូវមើលថែក្មេងៗ ឲ្យបានល្អដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវ ស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
នេះបើយោងតាមការបញ្ជាក់របស់មន្ទីរធនធានទឹក នឹងឧតុនិយម នៅថ្ងៃទី១៩ ខែសីហានេះ បានឲ្យដឹងថា កំពស់ទឹកស្ទឹងសែនថ្ងៃនេះ កំពស់១៣,៥៧ម៉ែត្រលើសកំពស់ប្រុងប្រយ័ត្ន ០,០០៧ ម៉ែត្រ៕