(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលាបឋមសិក្សាយកបាត្រ បានប្រារព្ឋពិធីរំលឹក ខួបលើកទី៦៧ ទិវាកុមារ អន្តរជាតិ១មិថុនា និងខួបលើកទី១៥ ទិវាពិភព លោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមវត្តមានលោក អ៊ាង ស៊ីផាន អភិបាល ខណ្ឌច្បារអំពៅ និងមានការចូលរួមដោយ លោក ហ៊ួត ហ៊ុយ នាយករដ្ឋបាល និងលោក ឃឹម សុង ចៅសង្កាត់ក្បាលកោះព្រមទាំង គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាយកបាត្រ និងសិស្សានុសិស្ស ព្រមទាំងមាតាបិតាអាណាព្យាបាល យ៉ាងច្រើនកុះករ។
ទិវាកុមារកម្ពុជា និង ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំនេះ គឺប្រារព្វធ្វើឡើង ក្រោមប្រធានបទ រួមគ្នាការពារកុមារ ពីអំពើកុមារនិងការ ប្រើប្រាស់គ្រឿងញៀន និង ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ រួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ ផលិតកម្មកុមារដើម្បីរំលឹកសិទ្ឋិជាមូលដ្ឋានរបស់កុមារ និងការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ ការការពារកុមារពីអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀននិងការ លុបបំបាត់ពលកម្មកុមារ ។ នៅក្នុងខ្លឹមសារ នៃសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា សង្គមជាតិរបស់យើង នឹងបន្តលើកកំពស់ នូវវប្បធម៌ស្រឡាញ់កុមារ សំដៅរួមចំណែកលប់បំបាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចលើពលកម្មកុមារ និង ការរំលោភបំពាន ការជួញដូរកុមារ និងលើកស្ទួយ សេចក្តីថ្លៃថ្នូររបស់កុមារ ដែលជាការលើកកំពស់សុខុមាលភាពរបស់សង្គមជាតិ កម្ពុជា យើងទាំងមូលផងដែរ។
ទិវាកុមារអន្តរជាតិ១មិថុនា, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា, និង ទិវាកុមារកម្ពុជាឆ្នាំ២០១៦ នឹងពង្រឹងបន្ថែមទៀត នូវឆន្ទៈ ប្តូរផ្តាច់របស់ប្រជាជនកម្ពុជាយើង អោយបន្តយកចិត្តទុកដាក់ខ្ពស់ ជាប្រចាំ លើវិស័យសុខុមាលភាពកុមារនៅក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជាយើង។
នៅក្នុងឱកាសនោះដែរ លោក អ៊ាង ស៊ីផាន បាននាំយកអំណោយ រួមមាន សិស្សក្រីក្រ ចំនួន ៥៥នាក់ ទទួលបានឃីត១កញ្ចប់ (អាវ២ សៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម និងថវិកា ៥ពាន់រៀល), សិស្សភ្លេង ៤០នាក់ ក្នុងម្នាក់ៗ ១០.០០០រៀល, ជូនដល់សាលា បឋមសិក្សាយកបាត្រ ចំនួន ៥០០.០០០រៀល និងឧបត្ថម្ភដល់កុមារ មានសតិមិនល្អ ចំនួន២០០.០០០រៀល ព្រមទាំងលោកគ្រូ អ្នកគ្រូ ចំនួន ២៩នាក់ ក្នុងម្នាក់ៗ ៣០.០០០រៀល ផងដែរ៕