(កំពង់ចាម)៖ ទំនាស់រឿងសុំបើកផ្លូវលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ពីសំណាក់ម្ចាស់ដីដែលនៅខាងក្រោយ ដែលអូសបន្លាយជាង១០ឆ្នាំ ត្រូវបានដោះស្រាយសម្របសម្រួលបញ្ចប់រឿង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ធ្វើឲ្យប្រជាពលរដ្ឋញញឹមដាក់គ្នាព្រមបញ្ចប់វិវាទ។
មុនជួបជជែកសួរនាំដោយផ្ទាល់អំពីដំណើររឿង នៅសាលាស្រុកជើងព្រៃ លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ និងមន្ដ្រីជំនាញចុះពិនិត្យមើលទីតាំងវិវាទជាក់ស្ដែង ដែលស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ក្រោយទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន ដែលធ្លាប់បានផ្សះផ្សាប៉ុន្មានលើកមកហើយ។
ដើមចមនៃវិវាទនេះ គឺមានប្រជាពលរដ្ឋ ចំនួន៨គ្រួសារ ប្ដឹងសុំឲ្យលោកស្រី មូល ខូវ បើកផ្លូវរទេះចាស់ដែលគេអះអាងថា ធ្លាប់មានកាលពីដើមទំហំទទឹង៣ម៉ែត្រឡើងវិញ ហើយប្រសិនបើភាគីម្ខាងទៀតយល់ព្រម ក្នុងការបើកផ្លូវថ្មីគ្រួសារដើមបណ្តឹង នឹងចូលរួមបដិភាគជាថវិកាតាមលទ្ធភាពជូន។
មុនឈានដល់ការសម្របសម្រួល លោកស្រី មូល ខូវ មិនយល់ព្រមក្នុងការបើកផ្លូវ នៅតាមចំហៀងដីរបស់គាត់ឡើយ ព្រោះគាត់បានអះអាងថា តាំងពីបុរាណមកដីរបស់គាត់គ្មានផ្លូវរទេះឆ្លងកាត់ចេញចូលឡើយ។ ហើយបើរកឃើញថា លើដីរបស់គាត់មានប្រវត្តិពីមុនមក ជាផ្លូវរទេះមែននោះ និងមានសាក្សីដឹងឮច្បាស់លាស់ត្រឹមត្រូវ គាត់ និងកូនស្រីមិនជំទាស់អ្វីឡើយ ហើយសុខចិត្តបើកផ្លូវនេះឡើងវិញ។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យ និងសម្របសម្រួលដោយផ្ទាល់ ធ្វើឲ្យភាគីទាំងសងខាងបានឯកភាពគ្នា យល់ព្រមបើកផ្លូវទទឹង ២.៨ម៉ែត្រ និងបណ្ដោយជាង១០០ម៉ែត្រ ដោយទទួលយកនូវសំណងសមស្របមួយពីភាគីដែលស្នើសុំបើកផ្លូវ។
សំណងដែលភាគីលោកស្រី មូល ខូវ ទទួលបាននោះគឺ ថវិកាចំនួន២៤លានរៀល ក្នុងនោះ ៥លានរៀលជាវិភាគទានរបស់ដើមបណ្ដឹង និង១៩លានរៀល ជាថវិការបស់រដ្ឋបាលខេត្ត។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ដ្រីភូមិបាល ត្រូវកំណត់ព្រំដីទាំងនេះឡើងវិញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ហើយរៀបចំឯកសារដើម្បីស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីជូនលោកស្រី មូល ខូវផងដែរ។
ជាមួយគ្នានេះ លោកស្រី មូល ខូវ ដែលត្រូវបានគេប្ដឹងស្នើសុំបើកផ្លូវ ហើយដោះស្រាយមិនចប់រហូតដល់ជាង១០ឆ្នាំ បានបង្ហាញនូវក្ដីរំភើបរីករាយយ៉ាងខ្លាំង ក្រោយទទួលបានដំណោះស្រាយសមស្របពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលដោះស្រាយប្រកបដោយភាពជឿជាក់ និងមិនលម្អៀងទៅរកភាគីម្ខាងណានោះឡើយ។ បន្ថែមពីនេះ លោកស្រី និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្ត ដែលបានណែនាំឲ្យមន្ដ្រីធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់បន្ថែមទៀត៕