(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំមន្រ្តី និងសមត្ថកិច្ច ចុះដោយស្រាយវិវាទការងារនៅការស៉ីណូ Golden Phonix Entertainment ជ្រៃធំ ក្រោយមានហេតុការណ៍បុគ្គលិកជនជាតិវៀតណាម សម្រុកចេញពីខាងក្នុងការស៉ីណូ លោតក្នុងទឹកទន្លេព្យាយាមដែលឆ្លងចូលទឹកដីវៀតណាម។
ការចុះដោះស្រាយវិវាទការងារនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការចូលរួមសំណាក់ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, កម្លាំងកងរាជអាវុធហត្ថខេត្ត, កងទ័ពសឹងរងខេត្ត ព្រមទាំងស្ថាប័នពាក់មួយចំនួនទៀតនៅក្រុមហ៊ុន តៃភីងយ៉ាងហ្វាងឌីចាន់វូចាន់ វូយីគ័នលី ឯ.ក ស្ថិតក្នុងអគារ Pacific Real Fstate (Property) Managment Co,Ltd ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាល។
លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា កិច្ចប្រជុំមានគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនគោរព អនុវត្តច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា និងគោរពតាមអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវ និងបុគ្គលិក កម្មករក្រុមហ៊ុន ត្រូវបម្រើការងារត្រឹមត្រូវ និងមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងការបង្ខិតបង្ខំមនុស្ស ឬឃាត់ទុកមនុស្សប្រើខុសច្បាប់ដាច់ខាត។
លោកបានណែនាំឲ្យសមត្ថកិច្ចជំនាញគ្រប់ផ្នែកត្រូវបន្តស្រាវជ្រាវ សហប្រតិបត្តិការចំពោះបុគ្គលិកជនជាតិវៀតណាម រត់ចេញពីកន្លែងការងារឆ្លងព្រែកជ្រៃធំខេត្តកណ្តាល-ព្រែកបិនយី ខេត្តអានយ៉ាង ចូលទៅក្នុងប្រទេសវៀតណាម តាមនីតិវិធីច្បាប់ ដើម្បីទាក់ទាញអ្នកវិនិយោគទុនក្នុងក្រៅប្រទេសមកអភិវឌ្ឍប្រទេសជាតិប្រកបដោយតម្លាភាព គុណភាព ចីរភាព និងបរិយាប័ន្ន។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា មានការបែកធ្លាយវីដេអូឃ្លីបមួយបង្ហាញពីការប៉ះទង្គិចគ្នារវាងរវាងអ្នកបម្រើការងារនៅក្នុងការស៊ីណូ Golden Phonix Entertainment ឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ជាប់ព្រំដែនវៀតណាម។ ក្នុងវីដេអូនោះ គេឃើញមនុស្សមួយក្រុមបានរត់សម្រុកចេញពីខាងក្នុងកាស៊ីណូ ហើយលោតចុះក្នុងទឹកទន្លេព្យាយាមហែលឆ្លងទៅប្រទេសវៀតណាម។ សម្រាប់ហេតុការណ៍នេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាក់ថា សន្តិសុខមួយចំនួនបានរងរបួសផងដែរ៕