(ភ្នំពេញ)៖ គរុសិស្សជំនាក់ទី២១ ជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ បាននាំគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដែលកំពុងត្រូវការឈាមជាចាំបាច់ ដើម្បីជួយសង្រ្គោះជនរងគ្រោះ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម ធ្លាប់បានមានប្រសាសន៍ថា «សព្វថ្ងៃនេះយើង មិនទាន់មានឈាមគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមចន្លោះពី ៨០ទៅ១០០ប្លោក សម្រាប់ជួយសង្គ្រោះ ជនរងគ្រោះផ្សេងៗ ហើយទូទាំងប្រទេសត្រូវការឈាមប្រមាណ១៥០ប្លោក រៀងរាល់ថ្ងៃ។ ដូចនេះយើងត្រូវការឈាម បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់»។
ប្រធានមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម បានជំរុញ និងអំពាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគ ឈាមមកដល់អង្គភាពរបស់លោក ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។
ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួម ចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយដូច្នេះការចូលរួមរបស់បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង។
លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ពិសេសគរុសិស្ស លោកគ្រូ-អ្នកគ្រូ ទាំងអស់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់នោះ៕