(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានបំភ្លឺអំពីពាក្យសុំអន្តរាគមន៍របស់ឈ្មោះ ជា វុទ្ធី ទៅព្រឹទ្ធសភា និងទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងករណីឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងម្នាក់ ប្រើប្រាស់អំណាច តួនាទីសម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។
តាមរយៈបណ្តាញព័ត៌មាន Fresh News ផ្លូវការ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អ្នកនាំពាក្យកងរាជអាវុធហត្ថ ឱ្យដឹងថា ចំពោះករណីនេះ កងរាជអាវុធហត្ថបានទទួលព័ត៌មាននេះជាច្រើនថ្ងៃមកហើយ ព្រមទាំងបានទទួល របាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងសេចក្តីបញ្ជាក់របស់តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង អំពីរឿងហេតុនេះដូចខាងក្រោម៖
*ទី១៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីជីករុករករ៉ែដោយខុសច្បាប់ប្រព្រឹត្តនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត ពេលនោះលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត បានចុះផ្ទាល់ក្នុងការដឹកនាំ និងសម្របសម្រួលនីតិវិធីរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា វុទ្ធី មកសាកសួរនៅកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា គាត់បានសម្របសម្រួលនីតិវិធី និងសម្រេចឱ្យឃាត់ខ្លួន ដើម្បីសួរនាំ រហូតបញ្ជូនសំណុំរឿង និងឈ្មោះ ជា វុទ្ធី មកដល់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការបន្ត។
*ទី២៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា គាត់ និងលោកវរសេនីយ៍ទោ ភុយ ខ្វៃ មិនបានសម្លុត និងគំរាមកំហែងទៅលើឈ្មោះ ជា វុទ្ធី ដូចការចោទប្រកាន់នោះឡើយ។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានគូសបញ្ជាក់ថា៖ «ទោះយ៉ាងណា កងរាជអាវុធហត្ថ នៅតែទទួលយកពាក្យបណ្ដឹងនឹងធ្វើការស្រាវជ្រាវរកការពិត ពីព្រោះយើងខ្ញុំមានតួនាទី ភារកិច្ច ការពារ បម្រើ សង្គ្រោះប្រជាជន គ្រប់កាលៈទេសៈ និងត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ»។
បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យរៀបចំក្រុមការងារ ដើម្បីចុះធ្វើការត្រួតពិនិត្យស្រាវជ្រាវឱ្យឃើញការពិត ទាំងការដឹកនាំបញ្ជា និងការកសាងនីតិវិធី។ កងរាជអាវុធហត្ថនឹងប្រគល់សិទ្ធិជូនមេធាវី ប្តឹងបុគ្គលនោះវិញ ក្នុងករណីរកមិនឃើញកំហុសក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់យោធិននៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីការពារអង្គភាព និងបុគ្គលិកនៃកងរាជអាវុធហត្ថ៕