(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់បានស្នើជំរុញឲ្យគ្រប់អង្គភាពមន្ទីរ រដ្ឋបាលក្រុង/ស្រុកទាំងអស់ពង្រឹងតួនាទីភារកិច្ចបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ លោក ចេងឡៃ អភិបាលខេត្តស្តីទីបានលើកឡើងថា ការអនុវត្តតួនាទីភារកិច្ចគឺជារឿងចាំបាច់និងសំខាន់ចំពោះអង្គភាពស្ថាប័ននីមួយ ដែលត្រូវតែយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ទាំងការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ដូចជាការរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ជាពិសេសក្នុងតំបន់ការពារធនធានធម្មជាត ការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព សកម្មភាពក្មេងទំនើង ការលេងល្បែងស៊ីសងគ្រប់ប្រភេទ សកម្មភាពលួចឆក់ប្លន់ សកម្មភាពប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍បង្កគ្រោះមហន្តរាយដល់ធនធានមច្ឆជាតិ ដូចជាស្បែកមុង ឧបករណ៍ឆក់ និងឧបករណ៍ផ្សេងទៀតជាដើម។
លោកលើកឡើងថា ដើម្បីឱ្យការទប់ស្កាត់បង្ក្រាប បទល្មើសទាំងនេះមានប្រសិទ្ធភាព គ្រប់អង្គភាពមន្ទីរ និងក្រុង/ស្រុកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងតួនាទីភារភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ពោលត្រូវចាត់វិធានការតឹងរឹងចំពោះជនខិលខូចដែលនៅតែបន្តប្រព្រឹត្តបទល្មើសទៅតាមច្បាប់ដោយពិនិត្យលើស្ថានភាពជាក់ស្ដែង។ ដោយឡែកចំពោះបេនឡាន ទីផ្សារមួយចំនួនតាមបណ្ដាស្រុកដែលបង្កភាពអនាធិតេយ្យគ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលស្រុកពាក់ព័ន្ធត្រូវចាត់ចែងរៀបចំឡើងវិញ ធ្វើយ៉ាងណាឱ្យសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ។
លោកបានលើកឡើងផងដែរលើវិស័យព័ត៌មានថាគឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ស្របពេលបច្ចេកវិទ្យាទំនើប ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីទទួលបាននូវព័ត៌មានពិត មិនកុហកបោកប្រាស់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម។ លើសពីនេះទៀតក៏ត្រូវគិតគូរដោះស្រាយនិងបម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕