(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកស្រី ឃួន ឃុនឌី និងលោក គុយ លាងគី ចូលរួមជាអធិបតីភាពក្នុងពិធីក្រុងពាលីគម្រោងកែលម្អច្រាំងស្ទឹងសែន ដែលស្ថិតនៅក្បែរវេទិកាអុំទូក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
សំណង់កែលម្អច្រាំងស្ទឹងសែននេះមានបណ្ដោយ២០០ម៉ែត្រ និងទទឹង៣ម៉ែត្រ ដោយលាតសន្ធឹងតាមបណ្ដោយសួនច្បារមាត់ស្ទឹងរហូតដល់វេទិកាអុំទូក។
បន្ទាប់ពីពិធីក្រុងពាលីរួចមក លោក ងួន រតនៈ និងក្រុមការងារបានចុះត្រួតពិនិត្យទីកន្លែងសាងសង់កែលម្អច្រាំងស្ទឹង និងជំរុញឱ្យក្រុមវិស្វករនិងជាងសាងសង់ទាំងអស់ ត្រូវធ្វើយ៉ាងណាឲ្យសំណង់នេះជាសំណង់រឹងមាំជាប់បានយូរ និងគោរពទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពីព្រោះនៅទីកន្លែងនេះគឺជាកន្លែងមួយដែលប្រជាពលរដ្ឋភាគច្រើនតែងតែនាំគ្នាមកកម្សាន្តលេងជារៀងរាល់ថ្ងៃ។
លោកបានបន្ថែមទៀតថា នៅពេលខាងមុខនេះរដ្ឋបាលខេត្តនិងមានការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តដូចនេះ ហើយសំណង់កែលម្អច្រាំងស្ទឹងនេះ ត្រូវធ្វើយ៉ាងណាស្ថាបនាឲ្យបានរួចរាល់មុនពិធីបុណ្យមកដល់ ដើម្បីងាយស្រួលដល់ក្រុមការងាររដ្ឋបាលខេត្តចុះត្រួតពិនិត្យបន្ថែមទៀត និងរៀបចំកែលម្អសោភ័ណភាពឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។
អភិបាលខេត្តក៏បានសំណូមពរនិងជំរុញបន្ថែមដល់ក្រុមការងាររដ្ឋបាលខេត្តសហការជាមួយក្រុមការងាររដ្ឋបាលក្រុង គឺធ្វើយ៉ាងណាចុះត្រួតពិនិត្យឲ្យបានជាប្រចាំ និងមានការការពារឲ្យបានហ្មត់ចត់ ក្រែងមានបញ្ហាដោយប្រការណាមួយកើតឡើងដែលធ្វើឱ្យមានការរាំងស្ទះការសាងសង់សំណង់នេះ៕