(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកសំណើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់កម្លាំងនគរបាលឆ្មក់ចាប់រថយន្តមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅតាមផ្លូវសាធារណៈ។

សំណើរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា មានរថយន្តប្រមាណ ៤០ម៉ឺនគ្រឿង ក្នុងចំណោមរថយន្ត ១លានគ្រឿង ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយមិនទៅចូលត្រួតពិនិត្យ។

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត គឺជារឿងដ៏សំខាន់មួយ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «ចំពោះឆៀក មានឡានប្រមាណ ៤០ម៉ឺនគ្រឿង ជិតកន្លះលានគ្រឿង ដែលហួសសុពលភាព មកដល់ម៉ោង នេះមិនទាន់យកមកឆៀក។ ហួសសុពលភាព គាត់មិនយកមកឆៀកទេ អ៊ីចឹងខ្ញុំសូមស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច [សម្តេចក្រឡាហោម ស ខេង] ដើម្បីសហការគ្នាជាមួយនគរបាល អាចធ្វើឆ្មក់ចាប់រថយន្ត ដើម្បីស្វែងរកថា រថយន្តបានធ្វើឆៀកត្រឹមត្រូវ ឬមិនត្រឹមត្រូវ»

សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាពោធិ៍សែនជ័យ-អូរដឹមថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅមានយានជំនិះចំនួន ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈក្រសួងបានផាកពិន័យរថយន្តហួសសុពលភាពឆៀក បានជាង ១៧ម៉ឺនគ្រឿង សរុបជាថវិកាជាង ៥លានដុល្លារ៕