(ព្រះវិហារ)៖ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ក្នុងកិច្ចការពារ អភិរក្ស និងគ្រប់គ្រងតំបន់ព្រៃឡង់ប្រកបដោយចីរភាព ពិសេសអាជ្ញាធរដែនដីត្រូវធ្វើការជាមួយមន្ទីរបរិស្ថាន និងអង្កការដៃគូរយ៉ាងជិតស្និត ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃ ក្នុងតំបន់ព្រៃឡង់។

ការអំពាវនាវបែបនេះ របស់លោក វ៉ាត ប៉ារ៉ានីន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «គម្រោងយន្តការឥណទានកាបូនរួមគ្នារេដបូក នៃដែនជម្រកសត្វព្រៃ ព្រៃឡង់» ដោយមានការចូលរួមពីលោក ហែម សុចិត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន, លោក សេង ប៊ុនរ៉ា ប្រធានផ្នែកអភិបាលកិច្ច និងអភិរក្សនៃអង្កការអភិរក្សអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ព្រមទាំងលោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ នៅភោជនីយដ្ឋានលី ហ៊ួត។

លោក វ៉ាត ប៉ារ៉ានីន បានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ លិខិតបទដ្ឋាន និងឯកសារគតិយុទ្ធជាច្រើន ដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងកិច្ចការពារធម្មជាតិ ជាពិសេសនៅក្នុងតំបន់ការពារធម្មជាតិ ដែលបានបង្កើតឡើងទាំងអស់ និងជំរុញការសហការរវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍នានា និងអង្កការសង្គមសុីវិលក្នុងការចូលរួម និងអនុវត្តសកម្មភាពនានា«។

អភិបាលរងខេត្តព្រះវិហារ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញផងដែលនូវផែនការ និងយុទ្ធសាស្ត្រជាតិបរិស្ថាន ផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៧-២០៣១ និងយុទ្ធសាស្ត្ររេដបូកជាតិ ២០១៧-២០២៦។ក៏ដូចជាដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនទៀតដូចជា ទស្សនវិស័យគ្រប់គ្រងព្រៃឈើរយៈពេលវែង ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវស័យព្រៃឈើនៅកម្រិត០% មុនឆ្នាំ២០៤០ និងគោលនយោបាយដីធ្លីជាដើម។

លោក វ៉ាត ប៉ារ៉ានីន បានគូសបញ្ជាក់ថា៖ «ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលដាក់ទៅជាតំបន់ការពារធម្មជាតិក្នុងឆ្នាំ២០១៦។ ព្រៃឡង់មានសារសំខាន់បំផុតសម្រាប់សម្រាប់ជាទីជម្រកដល់ជីវះចម្រុះជាច្រើនប្រភេទ មិនតែប៉ុណ្ណោះព្រៃឡង់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ប្រាក់ចំណូល អាហារ និងការប្រើប្រាស់ផ្សេងៗដល់សហគមន៍មូលដ្ឋានរស់នៅ និងក្បែរតំបន់ការធម្មជាតិមួយនេះ» ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារ លោកសូមប្រកាសគាំទ្រយ៉ាងពឹញទំហឹងនៅក្នុងការអនុវត្តគម្រោងរេដបូកមួយនេះ និងជឿជាក់ថាគម្រោងនេះនឹងចូលរួមអភិរក្ស ធនធានធម្មជាតិ និងលើកកម្ពស់នូវជីវភាពសហគមន៍មូលដ្ឋាន៕