(ភ្នំពេញ)៖ កងទ័ពមួកខៀវកម្ពុជា៣៥នាក់ និងយោធាចារ្យ១០នាក់ បានបើកហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ដើម្បីត្រៀមខ្លួនជួយប្រជាពលរដ្ឋរងគ្រោះដោយសារធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយយថាហេតុ។
ពិធីបើកវគ្គនេះ បានធ្វើឡើងក្រោមអធិបតីនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំគណៈប្រតិភូនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចុះជួបសំណេះសំណាល និងផ្តល់អនុសាសន៍ល្អជូនដល់កងទ័ពមួកខៀវ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ នៅចំណុចក្រោមស្ពានព្រែកក្តាម ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ឆ្នាំ២០១៩-២០២៣) និងគោលការណ៍សំខាន់នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ដោយសារទឹកជំនន់ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាព វប្បធម៌ កេរ្តិ៍ដំណែល ទ្រព្យសម្បត្តិ និងប្រព័ន្ធអេកូឡូស៊ីពីឥទ្ធិពលគ្រោះថា្នក់នៃគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។
វគ្គហ្វឹកហ្វឺននេះមានរយៈពេល០៣សប្តាហ៍ ដោយចាប់ផ្តើមហ្វឹកហ្វឺនពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ និងយោធាចារ្យ ១០នាក់ ក្នុងនោះមាន៖ ពេទ្យសង្គ្រោះបឋម (First Aid) មកពីជំនាញគ្រប់គ្រង់ភស្តុភារ ហិរញ្ញវត្ថុ សុខាភិបាល និងសំណង់ និងក្រុមគ្រូបើកបរទូកស្មាច់ (អូប័រ) និងបច្ចេកទេសជួសជុុលមកពីជំនាញគ្រប់គ្រងស្តង់ដារ សម្ភារបចេ្ចកទេស ព្រមទាំងនាយទាហានសម្របសម្រួល របស់នាយកដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលជាតិ (NPMEC) ជាច្រើនរូបបានចូលរួម។
*ការងារហ្វឹកហ្វឺនផ្តោតសំខាន់លើមេរៀនសង្រ្គោះបឋមៈរួមមាន៖ អ្នកជួយសង្គ្រោះ, គោលការណ៍គ្រឹះនៃការសង្គ្រោះ, ការពិនិត្យលើជនរងគ្រោះ, ការឃាត់ឈាម, ការសង្គ្រោះបាត់បង់ស្មារតី, ការសង្គ្រោះផ្លូវដង្ហើម CPR, ការសង្គ្រោះគាំងបេះដួង ការរុំរបួស ការអបឆ្អឹងបាក់ ការលើកដាក់ និងការដឹកជញ្ជូនជនរងគ្រោះ។
ជំនាញហែលទឹកសង្គ្រោះ ហ្វឹកហ្វឺនដៃចង្កូត និងការសង្គ្រោះតាមទូកស្មាច់ (អូប័រ)៖ យល់ដឹងអំពីការប្រើប្រាស់អូប័រ, បច្ចេកទេសបញ្ជេះ និងពន្លត់អូប័រ, បច្ចេកទេសចង់អូប័រឱ្យមានសុវត្ថិភាពនៅចំណត, បច្ចេកទេសបើកបរអូប័រ (ដៃចង្កូត) ការចែវអូប័រ ការបោះពោងពោះវៀនកង់សង្គ្រោះ ការប្រើប្រាស់សញ្ញាទង់ និងកញ្ចែ ការចូលសង្គ្រោះជនរងគ្រោះ, ការលើកអូប័រដាក់រថយន្ត ការទំលាក់ពីរថយន្ត ចុះក្នុងទឹក ការផ្គុំម៉ាស៊ីន ការថែទាំ និងជូតសំអាតអូប័រ, យុទ្ធដំណើរបើកបរអូប័រ រូបភាពមួយជួរបណ្តោយ មួយជួរទទឹង និងរូបភាពកាំជណ្តើរ, បច្ចេកទេសត្រួតពិនិត្យលក្ខណៈបច្ចេកទេស ជួសជុល និងថែទាំអូប័រកម្រិតស្រាល, អនុវត្តសង្គ្រោះជនរងគ្រោះដោយការបោះពោងពីលើអូប័រ, បច្ចេកទេសហែលទឹក ក្បាច់ហែលកង្កែប ហែលដោយប្រើខោប្រយុទ្ធជើងវែង ការហែលដោយពាក់ជើងទា ការហែលសង្គ្រោះ ការមុជទឹក ការលោតចេញពីអូប័រ ក្បាច់ហែលដោយសេរី, អនុវត្តហែលទឹកសង្គ្រោះជនរងគ្រោះមួយទល់មួយ, យល់ដឹងអំពីការសង្គ្រោះក្នុងទឹក និងយុទ្ធដំណើរទ័ព បោះជំរុំ ការសង្រ្គោះជនរងគ្រោះ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំផងនោះស្ថានភាពទឹកជំនន់និងមានដោយយថាហេតុនៅតាមបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តនានា។
នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានជាសិក្ខាកាមទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ ឱ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន និងថែទាំសុខភាពឱ្យបានល្អ «៣កុំ និង៣ការពារ» ដើម្បីជៀសវាងនៃការរីករាលដាលនៃជំងឺកូវីដ១៩៕