(ភ្នំពេញ)៖ ក្រោយសង្កេតឃើញប្រជាពលរដ្ឋមួយចំនួន បានលួចកាត់របងលួសនៅតាមដងផ្លូវល្បឿនលឿន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន ជួយអប់រំប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពលួចកាត់របងលួសនៅសង្ខាងផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដូចនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបសម្តេចក្រឡាហោម ស ខេង យ៉ាងដូច្នេះ «នៅតាមផ្លូវល្បឿនលឿន មានរបង មានសំណាញ់ការពារផ្លូវ ប៉ុន្តែប្រជាពលរដ្ឋចាប់ផ្តើមកាត់ ដល់កាត់សំណាញ់នេះ គាត់យកគោឆ្លងកាត់ អាចឱ្យគោឡើង [...] គាត់កាត់សំណាញ់នេះច្រើនកន្លែងណាស់»។
លោកទេសរដ្ឋមន្ត្រី បានស្នើសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ទៅអាជ្ញាធរដែនដី ជួយណែនាំដល់ប្រជា ពលរដ្ឋកុំកាត់របង ទុកកុំឱ្យគោឆ្លងកាត់ កុំឱ្យសត្វឆ្លងកាត់ ដែលអាចបង្កគ្រោះថ្នាក់សម្រាប់ការធ្វើដំណើរ។
សូមបញ្ជាក់ដែរថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ដែរថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនេះ នឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនយកថ្លៃសេវា រយៈពេល១ ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានបើក សាកល្បងធ្វើដំណើរនៅលើដងផ្លូវនេះ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕