(ក្រចេះ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីលែងកូនត្រី និងមេពូជចំនួន៤ម៉ឺនក្បាល ចូលទៅក្នុងបឹងធម្មជាតិឈ្មោះថាបឹងរំអិល ស្ថិតនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ដើម្បីអបអរសាទរទិវា មច្ឆជាតិ ១ កក្កដា។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោក ប៉ែន លីណាត អភិបាលរងខេត្ត រួមនឹងប្រជានេសាទសហគមន៍ប្រមាណជាង ២០០នាក់។
លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម បានឱ្យដឹងថា «ដោយទទួលបានការអនុញ្ញាតពីលោក វ៉ា ថន អភិបាលខេត្ត ឱ្យរៀបចំទិវាមច្ឆជាតិថ្នាក់ខេត្ត នៅក្នុងបឹងរំអិល ឃុំសំបុក ស្រុកចិត្របុរីនេះ ថ្ងៃនេះនឹងលែងកូនត្រីក្នុងស្រុក សរុបចំនួន ៤ម៉ឺនក្បាល និងត្រីមេពូជចំនួន១៥ គីឡូក្រាម រួមមាន៖ ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ ត្រីក្អែក អន្ទង់ ត្រីរ៉ស និងត្រីក្រាញ់ ចូលក្នុងបឹងរំអិល ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ប្រើប្រាស់ក្នុងសហគមន៍មូលដ្ឋាន»។
លោកបញ្ជាក់ថា បឹងរំអិលនេះ មានទំហំប្រមាណ ៣២ហិកតា និងមានកន្លែងអភិរក្សត្រីមេពូជចំនួន ២,៥ហិកតា ដោយមានទឹកទាំងរដូវប្រាំង និងរដូវវស្សា សហគមន៍នេសាទ បានរៀបចំបង្កើតឡើងនៅឆ្នាំ២០០៩ មានសមាជិកសហគមន៍សរុបចំនួន ២០៧នាក់ ស្មើនឹង ១៥៤គ្រួសារ និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការដោយប្រកាសលេខ ៦២៨ ប្រក.កសក នៅឆ្នាំ២០១១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា កំណើនប្រជាពលរដ្ឋ ក៏ដូចជាកំណើនប្រជានេសាទ ដែលរស់នៅជុំវិញបឹងរំអលនេះ មានការកើនឡើងយ៉ាងឆាប់រហ័ស បានដាក់សម្ពាធយ៉ាងធ្ងន់បន្ថែមទៀត ធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់ធនធានជលផល និងធនធានធម្មជាតិផ្សេងៗទៀត ដែលស្ថិតនៅតែជាឧបសគ្គចម្បង ក្នុងការធ្វើឱ្យបានសម្រេចតាមផែនការប្រើប្រាស់អភិវឌ្ឍធនធានជលផល និងធនធានធម្មជាតិដទៃទៀត ប្រកបដោយចីរភាព។
លោក ប៉ែន លីណាត បានឱ្យដឹងថា ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីកំណទម្រង់ គោលនយោបាយវិស័យជលផល ដ៏ស៊ីជម្រៅមួយជាប្រវត្តិសាស្ត្រ ដោយបានលុបឡូតិ៍នេសាទទាំងអស់ ហើយបានប្រគល់ សិទ្ធិអំណាចទៅឱ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ធនធានដោយផ្ទាល់នោះ បានធ្វើឱ្យប្រជាកសិករអាចមានលទ្ធភាពចូលរួមយ៉ាងសកម្ម នៅក្នុងការសម្រេចចិត្ត និងរៀបចំផែនការកម្មវិធីអភិវឌ្ឍន៍នានា របស់មូលដ្ឋានរៀងៗខ្លួន ហើយរួមចំណែកទទួលខុសត្រូវ និងធ្វើជាម្ចាស់លើការគ្រប់គ្រងធនធានធម្មជាតិដោយខ្លួនឯង។ ដូច្នេះសូមប្រជាសហគមន៍ សូចូលរួមថែរក្សាបឹងនេះឱ្យបានល្អទាំងអស់ កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ក្នុងការធ្វើនេសាទ ជាពិសេសគឺឧបករណ៍ឆក់ ស្បៃមុងជាដើម និងខិតខំដាំដើមឈើបន្ថែម៕