(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌដូនពេញ, លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ, លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី លោកស្រី នូ ថាវរី អភិបាលស្ដីទី នៃគណៈអភិបាលខណ្ឌដូនពេញ នាវេលាម៉ោង០៨ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ក្នុងវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ, អភិបាលរងខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យប្រជាពលរដ្ឋ, លោកប្រធានសាខាពន្ធដារខណ្ឌ, ប្រធានការិយាល័យ នៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ, មន្ត្រីរាជការ, លោក លោកស្រី ប្រធាន-សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំង១១, លោកនាយនគរបាលប៉ុស្តិ៍សង្កាត់ទាំង១១, តំណាងអគ្គិសនីកម្ពុជា, តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, តំណាងអង្គការសង្គមស៉ីវិល, តំណាងវិស័យឯកជន, ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ, ប្រធាន-អនុប្រធាន-សមាជិក ភូមិ, នាយកសាលារដ្ឋ និងប្រជាពលរដ្ឋ។
លោក ហែម អាន បានលើកឡើងថា ការងារសេវាសាធារណៈ ទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរទទួលបាន ដោះស្រាយជូនស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍមូលដ្ឋាន និងការងារសុខុមាលភាពសង្គម។
លោក សូ ម៉ារ៉ា បានលើកឡើងថា ក្នុងវេទិការសាធារណៈនេះ លោកសប្បាយចិត្តបានជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងបានទទួលជ្រាបពីទុកកង្វល់ និងសំណូមពររបស់បងប្អូនពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមទៀតនោះលោក បានលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រូវគៀងគរដល់បងប្អូនប្រជាពលរដ្ឋ មកចូលរួមក្នុងវេទិការសាធារណ ដើម្បីបានបញ្ចេញនៅបញ្ហា ដែលខ្លួនមានបញ្ហាសំណូមពរដល់អាជ្ញាធរជួយដោះស្រាយ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ពីបញ្ហាឡានប្រមូលសំរាមសុំឲ្យពេលមកប្រមូលឲ្យស៉ីផ្លេលឺៗ និងបើកយឺតៗ ព្រោះពលរដ្ឋដែលរស់នៅផ្ទះជាន់លើៗ ចុះមកមិនទាន់។ បន្ថែមទៀតនោះពីបញ្ហាសន្តិសុវត្ថិភាព គ្រឿងញៀន នៅតំបន់អ្នកតាចិន ខាងត្បូងផ្សារចាស់ តំបន់សូរិយាម៉ល សូមឲ្យអាជ្ញាធរជួយមានវិធានការបន្ថែមផង។
ពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់ផ្សារទី៣ សំណូមពរ អាជ្ញាធរជួយដោះស្រាយបញ្ហាចិញ្ជើមផ្លូវ សម្រាប់អ្នកថ្មើរជើង តែមានហាងមួយកន្លែងបានយកចិញ្ជើមផ្លូវធ្វើជាកន្លែងចិញ្ចឹមត្រី ដែលចំណុចនេះមានគំនូសសម្រាប់អ្នកថ្មើរជើង។
ពលរដ្ឋ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ សំណូមពរអាជ្ញាធរជួយសម្រួលដល់ពលរដ្ឋផង ដោយការបង់សំរាមពុំមានវិក័យបត្រ ដូច្នេះពលរដ្ឋមិនដឹងបង់ដោយរបៀបណា សុំឲ្យមានវិក័យបត្រដូច ទឹក និងភ្លើង បញ្ហាប្រឈមពេលដែលមិនមានវិក័យបត្រ ពលរដ្ឋអត់បានបង់ រយៈពេលច្រើនខែ ស្រាប់តែខាងអនាម័យចេញសេចក្ដីជូនដំណឹងឲ្យប្រាក់ម្នាក់ៗរាប់រយ៕