(ភ្នំពេញ)៖ គ្រឿងញៀនជាង១៨គីឡូក្រាម និងជនសង្ស័យម្នាក់ ត្រូវនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបត្រង់ចំណុច ក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទស្សវត្តរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦៖៤០នាទី កម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ (ក៩) អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។
ក្នុងការចុះបង្ក្រាបនេះ ក៏មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
ការចុះបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងសារធាតុញៀនមួយចំនួន រួចបន្តទៅឆែកឆេរបន្ទប់ជួលលេខ២០៣ (ហេង ឌឿន អាផាតមិន) ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដកហូតបានសារធាតុញៀនមួយចំនួនធំ។
លទ្ធផលសរុប ឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ ហេង សុវណ្ណបូរី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ, វត្ថុតាងចាប់យកបាន៖ សារធាតុញៀន១៨គីឡូ និង៣២៤,៥៩ក្រាម, កេតាមីន (KETAMIN) ទម្ងន់សុទ្ធ
៤៤៧.៩៤ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ២១.៦១ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ១៧,៨៦៤.០៤ក្រាម ស្មើ១៧គីឡូ និង៨៦៤.០៤ក្រាម និងម៉ូតូ១គ្រឿង។
ការងារបន្ត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងសហការស្រាវជ្រាវរកមេក្លោង និងបក្សពួក, ស្រាវជ្រាវរកប្រភពគ្រឿងញៀន, និងស្រាវជ្រាវប្រឆាំងការសម្អាតប្រាក់៕