(កំពង់ធំ)៖ ដោយមើលឃើញការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវបរិមាណ និងប្រភេទសត្វព្រៃ ដូចជា ខ្លា ខ្លាឃ្មុំ ខ្ទីង ទន្សោង ប្រើស ដែលក្លាយជាប្រភេទសត្វកម្រ ស្ទើរផុតពូជ និងប្រភេទសត្វព្រៃទាំងនេះកាន់តែតិចទៅៗ គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បាននិងកំពុងជំរុញឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ចុះទប់ស្កាត់ និងបង្ក្រាបការបរបាញ់សត្វព្រៃ ការជួញដូរសត្វ និងសាច់សត្វព្រៃ ទៅតាមការចាំបាច់ និងភាពបន្ទាន់។
លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកនេះ សត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តកំពង់ធំ បាននិងកំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារការបរបាញ់ដោយប្រើកាំភ្លើងកែច្នៃ និងអន្ទាក់ រួមផ្សំ និងការបាត់បង់ព្រៃឈើដែលជាច្រករបៀង និងទីជម្រកដែលមិនមានអ្វីមកជំនួសបានសម្រាប់ការបម្លាស់ទីតាមរដូវដើម្បីចិញ្ចឹមជីវិត ការបង្កាត់ និងការបន្តពូជ។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីមន្ទីរបរិស្ថានខេត្តកំពង់ធំ តាមរយៈការទប់ស្កាត់ និងការបង្រ្កាបបទល្មើសធនធានធម្មជាតិដោយផ្ទាល់ដោយមន្រ្តីឧទ្យានុរក្សដែលមានចំនួនតិច ធៀបទៅនឹងទំហំផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កំពុងត្រូវបានកាប់បំផ្លាញទំហំព្រៃឈើកាន់តែរួញធ្វើឱ្យជីវៈចម្រុះ និងប្រព័ន្ធអេកូទ្បូស៊ីនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានខូចខាត ដែលជាមូលហេតុធ្វើឱ្យសត្វព្រៃ បាត់បង់ជម្រក ដ៏មានសុវត្ថិភាព ច្រករបៀបសម្រាប់ឆ្លងកាត់ប្រភពចំណី និងទំនាក់ទំនងជាមួយសហគមន៍សត្វព្រៃដែលរស់នៅក្នុងតំបន់ការពារធម្មជាតិផ្សេងៗទៀត។
លោក ចាន់ តារា បានបញ្ជាក់ថា ក្នុងនាមអភិបាលខេត្តកំពង់ធំ សូមប្តេជ្ញាគាំទ្រប្រត្តិបត្តិយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបការបរបាញ់ និងជួញដូរសត្វព្រៃតាមរយៈ៖
*ទី១៖ ការផ្សព្វផ្សាយជាសាធារណៈអំពីផលប៉ះពាល់អវិជ្ជមាន នៃអន្ទាក់ចាប់សត្វព្រៃ ដែលមិនត្រឹមតែប៉ះពាល់ដល់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគ្រោះថ្នាក់ដល់សុខភាព និងជីវិតមនុស្សថែមទៀត
*ទី២៖ ផ្សព្វផ្សាយឱ្យសាធារណៈជនបានដឹងថា ការបរិភោគសត្វព្រៃ គឺជាការលើកទឹកចិត្តឱ្យអ្នកប្រមាញ់បន្តការចាប់សត្វព្រៃដើម្បីលក់ និងការកែច្នៃធ្វើអន្ទាក់ឱ្យកាន់តែគ្រោះថ្នាក់ជាងមុនដូចជា៖ អន្ទាក់ឆក់ អន្ទាក់ប្រើនុយបំពុល។ល។
*ទី៣៖ អប់រំសាធារណៈជនឱ្យបានយល់ដឹងថា ប្រភេទសត្វព្រៃដែលបានចាប់ និងកាប់សាច់លក់ គឺក្នុងគោលបំណងដើម្បីទទួលបានប្រាក់កម្រៃបន្តិចបន្តួចប៉ុណ្ណោះ។ បើសិនជាយើងការពារ និងអភិរក្សទុកឱ្យសត្វព្រៃរស់នៅក្នុងធម្មជាតិ មនុស្សជាតិ និងសង្គមនឹងទទួលបាននូវអត្ថប្រយោជន៍ និងតម្លៃជីវៈចម្រុះខ្ពស់ សំរាប់ការសិក្សាវិទ្យាសាស្រ្ត និងចំណេះដឹងសម្រាប់ការបង្កើនប្រាក់ចំណូល។
*ទី៤៖ នៅក្នុងក្របខណ្ឌច្បាប់ អាជ្ញាធរខេត្តនឹងត្រួតពិនិត្យអំពីបញ្ហាដែលនាំឱ្យមានការដាក់អន្ទាក់នៅតែបន្ត ដោយពិនិត្យមើលច្បាប់ដែលពាក់ព័ន្ធ និងលក្ខខណ្ឌបន្ថែម ដើម្បីសម្រេចបានការទប់ស្កាត់ ឬកាត់បន្ថយបរិមាណអន្ទាក់សត្វព្រៃតាមដែលអាចធ្វើបាន និងចេញសេចក្តីព្រមានជនដែលប្រព្រឹត្តបទល្មើសចាប់សត្វព្រៃ ឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើពុំនោះសោតនឹងប្រឈមនឹងការអនុវត្តច្បាប់ជាធរមាន។
*ទី៥៖ អប់រំឱ្យយល់ដឹងថាការបរិភោគសត្វព្រៃមិនមានផលប្រយោជន៍ដល់សុខភាពនោះទេ ព្រោះការបរិភោគ សាច់ និងឆ្អឹងសត្វព្រៃអាចបង្កឱ្យមានជំងឺ។ ជាក់ស្តែងនៅក្នុងខេត្តកំពង់ធំ មានប្រជាពលរដ្ឋ និងមន្រ្តីឧទ្យានុរក្សមួយចំនួនទទួលរងជំងឺធ្ងន់ធ្ងរ និងមានករណីបាត់បង់ជីវិត បន្ទាប់ពីបានបរិភោគសត្វព្រៃ។ នេះមានន័យថាសាច់សត្វព្រៃដែលលួចលាក់លើទីផ្សារ មិនមានការត្រួតពិនិត្យបច្ចេកទេសពីពេទ្យសត្វ ដូចសាច់គោ និងសាច់ជ្រូកទេ។
*ទី៦៖ ជំរុញ និងពង្រឹងការអនុវត្តការធ្វើប្រតិភូកម្មមុខងារមួយក្នុងចំណោមមុខងារទាំង០៥ គឺការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំសង្កាត់ ដោយផ្តោតអារម្មណ៍ជាអាទិភាពដល់ការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសបរបាញ់សត្វ ជួញដូរសត្វ និងសាច់សត្វព្រៃ។
*ទី៧៖ លើកទឹកចិត្តអង្គភាពមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមធ្វើការទាំងអស់គ្នាទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ ដោយផ្តល់នូវជម្រើសថ្មីដើម្បីការពារ និងអភិរក្សសត្វព្រៃ។ ព្រៃឈើមិនត្រឹមតែសំខាន់សម្រាប់ជីវៈចម្រុះ ប៉ុន្តែថែមទាំងទាក់ទាញការចាប់អារម្មណ៍របស់អ្នកទេសចរ គឺជាប្រភពធនធានដែលមិនរីងស្ងួត ដើម្បីស្វែងរកប្រាក់ចំណូលសម្រាប់សហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ។
អាជ្ញាធរខេត្ត នឹងយកចិត្តទុកដាក់បន្តការគាំទ្រនូវការអនុវត្តយន្តការគ្រប់គ្រងធម្មជាតិដែលមានស្រាប់នៅក្នុងខេត្ត និងគាំទ្រកម្មវិធី និងគោលនយោបាយថ្មីរបស់ក្រសួងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា ក្រសួងបរិស្ថាន បានសហការជាមួយនឹងអង្គការដៃគូ និងរដ្ឋបាលខេត្តកំពង់ធំ បានបើកយុទ្ធនាការអន្ទាក់សូន្យ ដែលជាខេត្តគោលដៅទី៥ ក្នុងចំណោមខេត្តចំនួន៦ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង មាស សុខសោភា និងប្រជាពលរដ្ឋ សិស្សានុសិស្សរាប់រយនាក់ផងដែរ៕