(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាឃុំ មកពីស្រុកកៀនស្វាយ ស្រុកអង្គស្នួល និងស្រុកស្អាង ដែលទើបជាប់ឆ្នោតថ្មី ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅសាលាខេត្ត នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
នាកាសនោះ លោកអភិបាលខេត្តកណ្តាល បានថ្លែងថា ពិតជាមានសារៈសំខាន់ណាស់ ដែលបានផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ជាពិសេសផ្តល់ចំណេះដឹងដល់អ្នកមិនទាន់មានបទពិសោធក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីអាចអនុវត្តតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក គង់ សោភ័ណ្ឌ បានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
បន្ថែមពីនេះ លោក គង់ សោភ័ណ្ឌ ក៏បានផ្តាំផ្ញើដល់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំវិញ សូមលោក លោកស្រី យកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ ទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យកាន់តែប្រសើរថែមទៀត។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសរយៈពេល០២ថ្ងៃ ស្រុកចំនួន០៣ ដែលទទួលបានវគ្គបណ្ដុះបណ្ដាល រួមមានស្រុកកៀនស្វាយ ស្រុកអង្គស្នួល និងស្រុកស្អាង។ សម្រាប់អាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកណ្តាល មានចំនួនសរុប៩១៥ នាក់ ស្រីចំនួន១៨៨នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ថ្មី (អ្នកមិនធ្លាប់ជាសមាជិកក្រុមប្រឹក្សាពីមុនមក) មានចំនួន ៤៤៩ នាក់ ស្រី១០៤នាក់៕