(ហូជីមិញ)៖ តុលាការវៀតណាម បានសម្រេចសម្រាលទោសប្រហារជីវិត ទៅលើបុរសជនជាតិអូស្ត្រាលី មួយរូបវ័យ ៣៤ឆ្នាំ ដែលបានលួចលាក់នាំចេញសារធាតុគ្រឿងញៀនហេរ៉ូអ៊ីន ប្រមាណ៣,៤គីឡូក្រាម ពីប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាយប់ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។
បុរសដែលត្រូវបានតុលាការទីក្រុងហូជីមិញកាត់ទោសខាងលើនេះ មានឈ្មោះថា Jones Nathan Andrew James ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋាន Tan Son កាលពីខែឧសភា ឆ្នាំ២០១៣ ដោយរូបគេព្យាយាមលួចលាក់សារធាតុញៀន ដាក់ក្នុងកាបូបចំនួនពីរផ្សេងទៀត បម្រុងនាំចេញ ទៅកាន់ប្រទេសអូស្ត្រាលី។
គួរបញ្ជាក់ថា បុរសអូស្ត្រាលីខាងលើនេះនឹងអាចផ្តន្ទាទោស ប្រហារជីវិតប្រសិនបើមិនព្រមសារភាព កំហុសដែលខ្លួនបានប្រព្រឹត្តទេនោះ។ យោងតាមច្បាប់របស់ប្រទេសវៀតណាម អ្នកដែលលួចលាក់ គ្រឿងញៀនក្នុងកម្រិតចាប់ពី៦០០ក្រាម ដល់ ២,៥គីឡូក្រាម ជាពិសេសហេរ៉ូអ៊ីន ឬមេតំហ្វេតាមីន ក៏ដោយនឹងត្រូវទទួលទោសប្រហារជីវិត។ ដោយឡែកអ្នកដែលរត់ពន្ធគ្រឿងញៀន ហេរ៉ូអ៊ីន ឬក៏សារធាតុខុសច្បាប់ដទៃទៀតពី១០០ ទៅ៣០០ក្រាម ក៏ប្រឈមមុខនឹងទោសប្រហារជីវិតដូចគ្នា៕