(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យការវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជួបសំណេះសំណាលជាមួយក្រុមការងារបច្ចេកទេសកំពុងប្រតិបត្តិការតាមគោលដៅធ្វេីការវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
សូមបញ្ជាក់ថា យុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានប្រកាសបើកកាលពីម្សិលមិញ។
យុទ្ធនាការនេះ នឹងមានកម្លាំងសរុបចំនួន ៧៧៩ រូប ចែកចេញជា ៣២ក្រុម ក្នុងនោះ មន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩រូប, មន្រ្តីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២៣២រូប និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨រូប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
យុទ្ធនាការនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ៕