(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សម្រាប់ការផាកពិន័យយានយន្តដឹកទំនិញលើស ទម្ងន់កំណត់នៃច្បាប់ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ មានការថយចុះជាងរយៈពេលដូចគ្នានៅក្នុងឆ្នាំមុន។ សម្រាប់លោកទេសរដ្ឋមន្ត្រី ការថយចុះនៃបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់ដោយច្បាប់នេះ ជាសញ្ញាបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋចាប់ផ្តើមមានការយល់ លើការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់នៃច្បាប់ ដែលនាំឱ្យមានការខូចខាតផ្លូវ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ដែលបានធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរចររាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា នៅឆ្នាំ២០២១ គណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់ បានត្រួតពិនិត្យយានយន្តប្រមាណ ២,០៧០,០០០គ្រឿង កើនឡើង៥៨% ផាកពិន័យ ១,៨៩៩គ្រឿង។ ខណៈ៧ខែ ឆ្នាំ២០២១ ត្រួតពិនិត្យរថយន្ត ១,៣១២,៨១៩គ្រឿង ផាកពិន័យ ១,៩៨៥គ្រឿង។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២២នេះ មន្ត្រីជំនាញបានត្រួតពិនិត្យយានយន្ត កើនឡើងជាងឆ្នាំមុន តែអត្រានៃការផាកពិន័យមានការថយចុះ ដែលនេះបានសញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋបានយល់ដឹងច្រើនអំពីការដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់ ដែលនាំឱ្យខូចខាតផ្លូវផងដែរ។
បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពាក់ព័ន្ធនឹងករណីរថយន្តថៃ ដឹកលើកទម្ងន់កំណត់នៃច្បាប់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបានដឹករហូតដល់ទម្ងន់ ៧០ ទៅ ៨០តោន ដែលបណ្តាលឱ្យខូចខាតផ្លូវជាច្រើននៅតំបន់នោះផងដែរ។
សូមបញ្ជាក់ថា យោងទៅតាមមាត្រា ៦០នៃច្បាប់ស្តីពីផ្លូវថ្នល់បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ នឹងរងការផាក ពិន័យជាប្រាក់ និងចាប់រថយន្តរក្សាទុក ក្នុងករណីពួកគេធ្វើសកម្មភាពដឹកជញ្ជូនដូចខាងក្រោម៖
១៖ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀល។
២៖ ផ្ទុកទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។
៣៖ ផ្ទុកទម្ងន់លើសពី៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។
៤៖ ផ្ទុកទម្ងន់លើសពី ១០ភាគរយ ទៅ ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកមួយខែ និងពិន័យអន្តរការណ៍ជាប្រាក់ ២០ម៉ឺនរៀល ក្នុងទម្ងន់ ១តោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។
៥៖ ផ្ទុកទម្ងន់លើសពី ២០ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុករយៈពេលមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុករយៈពេលពីរឆ្នាំ។
ក្នុងមាត្រានេះ ក៏បានកំណត់ដែរថា ក្នុងករណីមានអំពើល្មើសការផ្ទុកទម្ងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទម្ងន់អតិបរិមានៃភ្លៅនោះ ត្រូវផាកពិន័យទាំងពីរករណី។
ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូ របស់ក្រុមហ៊ុន ចំនួនមួយឆ្នាំ។ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។
យោងតាមរូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ ពោល គឺយកចំនួនទម្ងន់ដឹកលើសនោះគុណបន្តគ្នាចំនួន៣ដង នឹងរកឃើញចំនួនរថយន្តធ្វើចរាចរណ៍លើផ្លូវ។ ឧទាហរណ៍ រថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺគេយក ១០ គុណ ១០ ស្មោះ១០០, យក ១០០ គុណ ១០ ស្មើ ១,០០០, យក ១,០០០ គុណ ១០ ស្មោះ ១០,០០០។ ដូច្នេះរថយន្តមួយគ្រឿងដឹកលើស ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងបានធ្វើចរាចរណ៍លើផ្លូវ៕