(ភ្នំពេញ)៖ ទឹកប្រាក់ជាង៧៦០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់សម្រាប់វិធីឧបត្ថម្ភសាច់ប្រាក់ចំនួន០២ គឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលបានអនុវត្តចាប់តាំងខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ បានផ្តល់សេវាដល់ស្ត្រីមានផ្ទៃពោះ និងកុមារបានប្រមាណ ២៧៧ ០៨០នាក់ និងចំណាយថវិការដ្ឋសរុប ៧៦ ៨៩៦ ៣២០ ០០០រៀល ស្មើនឹងប្រមាណ ១៩.២២ លានដុល្លារ។
អ្នកនាំពាក្យរូបនេះបន្តថា ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២0 ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើគិតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអនុវត្តបានចំនួន ៩ជុំ មាន ២៥លើក មានអ្នកទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ (ជិត៣លាននាក់) ដោយចំណាយអស់ថវិការដ្ឋសរុបជាង ២ ៩៧៨ប៊ីលានរៀល ស្មើនឹងប្រមាណ ៧៤៤លានដុល្លារ។
ដោយឡែកសម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកជីវភាព និងគ្រួសារប្រជាពលរដ្ឋមានការស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ ចំនួន២លើក ដែលមានគ្រួសារសរុបចំនួន ១២៩ ៦៦៦គ្រួសារ រួមមានគ្រួសារលំបាកផ្នែកជីវភាពចំនួន ១០៨ ៩៣០គ្រួសារ គ្រួសារឆ្លងមានជីវភាពលំបាកចំនួន ១៨ ៦៨៣គ្រួសារ និងគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវវីដ-១៩ចំនួន ២ ០៥៣គ្រួសារ ចំណាយថវិកាសរុបចំនួន ៣៤ ៧១៥ ១៨៣ ៦០០រៀល ប្រហាក់ប្រហែល៨.៧លានដុល្លារ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងពិនិត្យលទ្ធភាពក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២នេះ។
លោក តូច ចាន់នី បានបញ្ជាក់ទៀតថា ជារួមវឌ្ឍនភាពដែលសម្រេចនៃវិស័យសង្គមកិច្ច វិស័យអតីតយុទ្ធជន និងវិស័យយុវនីតិសម្បទា បានរួមចំណែកក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ពោលគឺ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕