(កោះកុង)៖ លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះកុង និងក្រុមការងារ បានប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបរិភោគឧបភោគ និងបច្ច័យ ជូនព្រះសង្ឃចំនួន៨វត្ត ស្ថិតនៅស្រុកកោះកុង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។
ស្ថិតនៅក្នុងឱកាសនោះដែរ លោក សឿន រឿត បានលើកឡើងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ មានធនធានមនុស្ស រីកចម្រើនគ្រប់វិស័យទាំងវិស័យពុទ្ធសាសនា និងអាណាចក្រ ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចខិតខំប្រឹងប្រែងដោយសម្តេចមិនគិតពីការនឿយហត់ឡើយ ដើម្បីប្រទេសជាតិដើម្បីប្រជាជន មិនតែប៉ុណ្ណោះសម្តេចបានធ្វើឱ្យមានភាពល្បីល្បាយនៅលើឆាកអន្តរជាតិផងដែរ។
លោក សឿន រឿត បានបន្តថា បើប្រទេសជាតិមានសន្តិភាពហើយយើងរួមគ្នាការពារសន្តិភាពឱ្យបានរឹងមាំកុំជឿការញុះញុង់ លើជនអគតិមួយចំនួនឱ្យសោះ។ ពីព្រោះ បច្ចុប្បន្ន ប្រទេសកម្ពុជា មានសុវត្ថិភាព មានសន្តិភាព មានសេរីភាព ពេញលេញ។
លោក សឿន រឿត បានបញ្ជាក់ថា ការនាំយកទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួនទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង០៨ ក្នុងស្រុកកោះកុង ខេត្តកោះកុងមានវត្តរួមមាន៖ វត្តពោគិរីមនោរម្យ (ហៅវត្តតាតៃភូមិដូង), វត្តតេជោពោធិ៍រាម (ហៅវត្តកោះអណ្តែត), វត្តរូងគិរីសត្ថារាម (ហៅវត្តត្រពាំងរូង), វត្តព្រះពុទ្ធកោះកុងក្នុង (ហៅវត្តកោះកុងក្នុង), វត្តសុវណ្ណបព៌ត (ហៅវត្តកោះកាពិ), វត្តឧត្តមនារីឬទ្ធីគិរីសាងរ (ហៅវត្តអាទ្បាតាន់), ឧទ័យ្យារាម (ហៅវត្តជ្រោយប្រស់) និងវត្តគិរីវង្គត់ (ហៅវត្តកោះស្រទ្បៅ)។
ក្នុងនោះលោកក៏បានពាំនាំមតិផ្តាំផ្ញើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង ជូនដល់ព្រះសង្ឃ តាអាចារ្យ យាជី តាជី ប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពប្រចាំថ្ងៃឱ្យបានល្អជាប្រចាំ ជួយលើកកម្ពស់វិស័យពុទ្ធចក្រ និងបន្តការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕