(ភ្នំពេញ)៖ លោក ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការត្រៀមបង្ការ ការឆ្លើយតប ក៏ដូចជាការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ ក្នុងលក្ខណៈពហុវស័យ ឈរលើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដូចមានចារឹកនៅក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជាជាអាទិ៍។
ការលើកឡើងបែបនេះ របស់លោក ហង្ស សាមឿន បានធ្វើឡើងក្នុងពិធីបើកអង្គសិក្ខាសាលាថ្នាក់តំបន់សី្តពី «ការកសាងចំណេះដឹង និងការយល់ដឹងអំពីការគ្រប់គ្រងទឹកជំនន់» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សិក្ខាសាលា ថ្នាក់តំបន់ស្តីពី «ការកសាងចំណេះដឹង និងការយល់ដឹងអំពីការគ្រប់គ្រងទឹកជំនន់» ស្ថិតក្រោមក្របខ័ណ្ឌ នៃគម្រោងហានិភ័យ អាកាសធាតុ និងប្រព័ន្ធប្រកាសឱ្យដឹងមុន Climate Risk and Early Warning Systems (CREWS) សម្រាប់ប្រទេសកម្ពុជា និងឡាវ ដើម្បីបង្ហាញអំពីទស្សនាទាននៃការគ្រប់គ្រងទឹកជំនន់ នៅមូលដ្ឋានសហគមន៍ និងការកំណត់ផែនទី ទឹកជំនន់ និងរាំងស្ងួត ដែលនឹងឈានដល់ការឯកភាពគ្នា លើទិសដៅឆ្ពោះទៅមុខ ក្នុងការកសាងផែនការសកម្មភាព ដើម្បីអនុវត្តជាក់ស្តែង។
តាងនាមឱ្យសម្តេចតេជោ ហ៊ុ ន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកសូមថ្លែងអំណរគុណចំពោះ អង្គការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (អេឌីភីស៊ី) Asian Disaster Preparedness Center (ADPC) ដែលបានផ្តួចផ្តើម និងរួមសហការជាមួយ អង្គការឧតុនិយមពិភពលោក World Meteorological Organization (WMO) ធ្វើការរៀបចំ សិក្ខាសាលា ដ៏មានសារៈសំខាន់នេះឡើង។
នាឱកាសនោះដែរ លោក ហង្ស សាមឿន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គ.ជ.គ.ម. បានរៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា រៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានសហគមន៍ កសាងផែនការសកម្មភាពជាតិ NAP-DRR សម្រាប់អាណត្តិ៥ឆ្នាំម្តង រៀបចំផែនការត្រៀមបម្រុងឆ្លើយតប និងសង្គ្រោះគ្រោះមហន្តរាយនៅរៀងរាល់ឆ្នាំ រៀបចំកងឯកភាពសង្គ្រោះគ្រោះមហន្តរាយ ដោយបំពាក់សម្ភារៈ និងមធ្យោបាយគ្រប់គ្រាន់ ឱ្យឈរជើងនៅតាមតំបន់ ដើម្បីធានាការជួយសង្គ្រោះបានទាន់ពេលវេលា នៅគ្រប់កាលៈទេសៈ។ រហូតមកដល់ពេលនេះបង្កើតបានចំនួន១៦កងរួចមកហើយ ហើយនឹងបន្តបង្កើតកងថ្មីបន្ថែមជាបន្តបន្ទាប់ទៀត នៅក្នុងបណ្តាឆ្នាំខាងមុខៗ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ទន្ទឹមនឹងនេះ គ.ជ.គ.ម. ក៏បាននឹងកំពុងអនុវត្តសកម្មភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមរយៈផែនការជាតិ រួមជាមួយសកម្មភាពដោយឡែកដែលសហការជាមួយដៃគូ ទាំងនៅក្នុងប្រទេស ក្នុងអនុតំបន និងតំបន់ ក្នុងក្របខ័ណ្ឌអាស៊ាន និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ។ ក្នុងនោះមានរួមបញ្ចូលការកសាងសមត្ថភាពលើការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ ការកសាងសមត្ថភាពលើការត្រៀមបម្រុង ការតាមដានមុខសញ្ញាគ្រោះថ្នាក់ ការព្យាករណ៍ និងប្រកាសព័ត៌មានជាមុន អំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើតមានដោយគ្រោះមហន្តរាយ ជូនដល់ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាពិសេសសហគន៍ងាយរងគ្រោះប្រឈម និងមុខសញ្ញាគ្រោះថ្នាក់ទាំងឡាយ។
«ជាក់ស្តែងក្នុការពង្រឹងប្រសិទ្ធភាពព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ យើងបានរួមគ្នាកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យខែមឌី (CamDi), ព្រីហ្សឹម (PRISM), ប្រព័ន្ធ ១២៩៤ ដោយសហការជាមួយអង្គការ UNDP, WFP, PIN ។ល។ ដែលទាំងនេះ សុទ្ធតែបានរួមចំណែកដល់ការពង្រឹង និងពង្រីកប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការផ្តល់ព័ត៌មានជាមុនទាំងអស់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហង្ស សាមឿន។
បន្ថែមពីនេះ លោក ហង្ស សាមឿន បានគូសបញ្ជាក់ថា៖ ពិភពលោកបច្ចុប្បន្ន បាននឹងកំពុងឆ្លងកាត់នូវបញ្ហា ប្រឈមនឹងមុខសញ្ញាគ្រោះថ្នាក់ជាច្រើន បង្កដោយធម្មជាតិ និងមនុស្ស ដែលជាបុព្វហេតុនៃ គ្រោះមហន្តរាយ។ ប្រទេសកម្ពុជា ក៏មិនខុសពីបណ្តាប្រទេសនានាដែរ គឺមានការប្រឈមជាខ្លាំង ជាមួយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដូចជា៖ ទឹកជំនន់, រាំងស្ងួត, ខ្យល់កន្រ្តាក់ ឬខ្យល់ព្យុះ, រន្ទះបាញ់, បាក់ច្រាំងទន្លេ និងរអិលបាក់ដី ជាដើម ដែលបានកើតឡើងស្ទើររៀងរាល់ឆ្នាំ បណ្តាលឱ្យបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ប៉ះពាល់ដល់ជីវភាពរស់នៅ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និង រាំងស្ទះការអភិវឌ្ឍនៅក្នុងប្រទេស៕